ឯកសារចំនួនពីរ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ -- បន្ទាប់ពីជំនួបទ្វេភាគីនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ ដែលត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងលោកជំទាវ Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា។
ឯកសារទាំងនោះរួមាន ១-គម្រោងទទួលបានថាមពលកើតឡើងវិញប្រកបដោយបរិយាប័ន្ននៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់២០០លានយ៉េន ស្មើនឹងប្រមាណ១,៧លានដុល្លារអាម៉េរិក និង២- គម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋដែលមានទំហំទឹកប្រាក់៣០០លានយ៉េន ស្មើនឹងប្រមាណ២,៦លានដុល្លារអាម៉េរិក។
គួរបញ្ជាក់ដែរថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២។ ក្នុងដំណើទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន KISHIDA Fumio ក៏មានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធការពារជាតិនិងសន្តិសុខ និងការងារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគា្នស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ ឯកឧត្តម KISHIDA Fumio បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ" អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបរបស់អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិត ក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម KISHIDA Fumio នៅព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវ ទំនាក់ទំនងល្អប្រពៃដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌរទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕
ដោយ ជឹម ណារី