អាជ្ញាធរខេត្តសៀមរាបរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ព្រះវស្សា
AKP សៀមរាប ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--អាជ្ញាធរខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៦នេះ បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់ព្រះជន្ម៧៣ យាងចូល៧៤ព្រះវស្សា ។ ក្នុងព្រះរាជពីធីបុណ្យនោះដែរ ក៍មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុងស្រុក មន្ទីរអង្គភាព ជុំវិញខេត្តចូលរួមផងដែរ ។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស តែងតែរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមព្រះរាជប្បវេណីពីបុរាណ ដោយចាត់ទុកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គឺជាអាយុវឌ្ឍនមង្គលមួយដ៏ប្រសើរថ្លៃថ្លា ដែលប្រារព្ធឡើង ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ចំពោះព្រះមហាករុណាទិគុណរបស់ព្រះមហាក្សត្រ និងដើម្បីថ្វាយព្រះរាជសព្ទសាធុការពរ ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជារាស្ត្រ យូរអង្វែងតរៀងទៅ។

នៅក្នុងឆ្នាំនេះ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ។

ក្នុងនាមថ្នាក់ដឹកនាំខេត្តសៀមរាប រួមទាំងមន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមក្រាបបង្គំសម្តែងថ្វាយនូវអំណរគុណ ព្រមទាំងគារវកិច្ចប្រកបដោយកតញ្ញូកតវេទីតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈ ដែលព្រះអង្គតែងយកអស់កម្លាំងព្រះកាយពល និងព្រះបញ្ញ្ញាញាណបំពេញព្រះរាជកិច្ចបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយស្វាមីភក្តិដ៏ឧត្តុង្គឧត្តមបំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍមាតុភូមិកម្ពុជា អោយរីកចម្រើនថ្កុំថ្កើនរុងរឿងជានិរន្តរ៍៕

ដោយ ឃុត សៅ





