សម្ដេតេជោ ហ៊ុន សែន រម្លឹកកឱ្យអាជ្ញាធរខេត្តស្វាយរៀង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅតាមព្រំដែនជាមួយប្រទេសវៀតណាម
AKP ស្វាយរៀង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍រម្លឹកឱ្យអាជ្ញាធរខេត្តស្វាយរៀង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង ចំនួនជាង ១ ៣០០នាក់ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោមានប្រសាសន៍ថា ថ្ងៃនេះ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោបានថ្វាយព្រះពរចំពោះព្រះអង្គ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាង១០០ព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ប្រជុំដល់ប្រជារាស្រ្តជាកូន ជាចៅ ចៅទូត របស់ព្រះអង្គគ្រប់ៗរូប។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តស្វាយរៀងសាជាថ្មី។ ទាក់ទងនឹងមន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ ដែលរដ្ឋាភិបាលគួរចាត់វិធានការ ដើម្បីព្រមានមន្ត្រីខិលខូចនោះ សម្តេចតេជោបានបង្ហាញនូវការហួសចិត្តចំពោះមន្ត្រីកាំកុងត្រូលខេត្តបាត់ដំបងដែលទៅប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាម ដោយសម្ដេចបានចោទជាសំណួរថា ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈដែលជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ បញ្ហានេះមិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោបានស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូលដែលកុហករឿងទុរេននាំចូលនេះ ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន។ សម្តេចតេជោក៏បានក្រើនរម្លឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន និងរហ័ស។ សម្តេចតេជោ ក៏បានជំរុញឱ្យពន្លឿនការផ្តល់សេវាលើការធ្វើបណ្ណកម្មសិទ្ធិដីធ្លីឱ្យជាពលរដ្ឋឱ្យកាន់តែលឿនថែមទៀត ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់នៅមូលដ្ឋាន។
សម្តេចតេជោក៏បានបន្តរម្លឹកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន ដោយសម្តេចមានប្រសាសន៍ថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី។ សម្តេចតេជោបានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងរបស់ពួកគេទៅការពារជាតិ ការពារទឹកដី និងប្រជាជន តើហេតុអ្វីមន្ត្រីមិនអាចចែករំលែកក្តីស្រលាញ់ទៅដល់ពួកគេ។ សម្ដេចតេជោ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។ សម្ដេចតេជោក៏បានក្រើនរម្លឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ត្រូវធ្វើជាមន្ត្រីជើង២ មិនត្រូវធ្វើជាមន្ត្រីជើង១០ឡើយ។

តាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានឱ្យដឹងថា ខេត្តស្វាយរៀង ចែកចេញជា២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ និង ៦៩០ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ១៦៨ ៨៨៨គ្រួសារ ស្មើនឹង ៦៩៨ ១៥៥នាក់។ ឯកឧត្តមបន្តថា ប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មប្រមាណ ៥១,៥% របរសេវាកម្ម៤៨% និងមុខរបរសិប្បកម្មប្រមាណ ០,៥%។ ខេត្តនេះមានព្រំប្រទល់ខាងជើង និងខាងលិចជាប់នឹងខេត្តព្រៃវែង ខាងកើត និងខាងត្បូង ជាប់ខេត្តតៃនិញ ប្រទេសវៀតណាម។
បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោបានឱ្យដឹងថា ដំណើរឆ្ពោះទៅកាន់មូលដ្ឋានរបស់សម្ដេចតេជោ បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ហើយរហូតមកដល់ពេលនេះ ជាលើកទី៦ហើយដែលសម្តេចតេជោបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត និងកែប។ គោលដៅនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់សម្តេចតេជោ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕
ដោយ៖ ជឹម ណារី





