អភិបាលខេត្តព្រះសីហនុចុះពិនិត្យវឌ្ឍនភាពមជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រដើម្បីបង្កើនចំណូលសហគមន៍តំបន់ឆ្នេរក្នុងស្រុកព្រៃនប់
AKP ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍មជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ ដើម្បីបង្កើនចំណូលសហគមន៍តំបន់ឆ្នេរ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដី ១៦ហិកតា។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា វឌ្ឍនភាពការអនុវត្តន៍មជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ ដើម្បីបង្កើនចំណូលសហគមន៍តំបន់ឆ្នេរនៅក្នុងស្រុកព្រៃនប់ មជ្ឈមណ្ឌលផ្សព្វផ្សាយបំណឹនជីវិតផ្នែកវារីវប្បកម្មសមុទ្រនេះមានការគាំទ្រពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដែលឯកឧត្តមបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាសម្រាប់ដំណើរការមជ្ឈមណ្ឌលផ្សព្វផ្សាយវារីវប្បកម្មសមុទ្រ ដើម្បីប្រាក់ចំណូលដល់ប្រជាពលរដ្ឋតំបន់ឆ្នេរនាពេលនេះ ក្នុងគោលបំណង÷ ១.បង្កើនផ្នែកវារីវប្បកម្មសមុទ្រឱ្យមានប្រសិទ្ធភាពសេដ្ឋកិច្ច, ២.បង្កើនប្រាក់ចំណូដល់សហគមន៍នៅតាមតំបន់ឆ្នេរ,៣.ការសិក្សាស្រាវជ្រាវ ការអនុវត្តន៍រៀនសូត្របច្ចេកទេសថ្មី និងផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀតក្នុងសហគមន៍តំបន់ឆ្នេរ ដើម្បីយកជាគំរូ ។


លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុបានបន្តថា ការធ្វើវារីវប្បកម្មនៅលើទីតាំងនេះ ជាវារីវប្បកម្មថ្មីមួយ ដែលស្រុកយើងមិនទាន់មាន គឺយើងយកបច្ចេកទេសក្នុងការចិញ្ចឹមមកពីគេ ហើយមកដល់ថ្ងៃនេះមានរយពេល ១០៥ថ្ងៃ យើងបានអនុវត្តនូវស្រះចំនួន៤ ក្នុងនោះស្រះទី១ យើងបានចិញ្ចឹមកូនត្រីស្ពង់បានចំនួន ៦៥ថ្ងៃ ,ស្រះទី២ ចិញ្ចឹញកូនក្តាមថ្ម និងបង្គារស បានចំនួន ៣៥ថ្ងៃ ,ដោយឡែកស្រះទី៣ និងទី៤ យើងបានចាប់ផ្តើមលែងកូនក្តាមថ្ម និងបង្គារស។ តាមផែន ការដែលបានគ្រោងទុកយើងបន្តរៀបចំស្រះទី៥ ទី៦ និងទី៧ បន្តទៀត។ ហើយស្រះនិមួយៗមានផ្ទៃដីចាប់ពី ១ហិកតា និង១០អាឡើងទៅ រហូតដល់ស្រះទី៧ ជាស្រះធំជាងគេ មានផ្ទៃដីរហូត ៦ហិកតា ។ លោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលមានបំណងចិញ្ចឹមត្រី ក្តាម និងបង្គារ ក្រុមការងាររបស់មន្ទីរកសិកម្មនឹងរង់ចាំជួយបណ្តុះបណ្តាលបង្រៀនដោយមិនគិតលុយកាក់នោះទេ។


ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានកោតសរសើរ និងវាយ តម្លៃចំពោះលោកប្រធានមន្ទីរកសិកម្ម និងសហការីដែលបានចំណាយពេលវេលា ដើម្បីបង្កើតជាមជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រនៅទីនេះ ដែលជាសញ្ញាមួយបង្ហាញពីការបេជ្ញាចិត្ត ដើម្បីបង្កើតបច្ចេកទេសថ្មីៗក្នុងការចិញ្ចឹមត្រី ក្តាម បង្គារដល់ប្រជាសហគមន៍នៅតាមតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ នៅពេលទទួលបានជោគជ័យ អាចយកបច្ចេកទេសនេះទៅផ្សព្វផ្សាយបន្តទៅដល់ខេត្តជាប់សមុទ្រ ដែលមានខេត្តចំនួន៤ មានដូចជាខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ប្រសិនបើយើងមានវារីវប្បកម្មសមុទ្រអាចធ្វើការនាំចេញទៅផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុក និងឈានទៅធ្វើការនាំ ចេញទៅក្រៅប្រទេស ជាពិសេសទៀតនោះគឺការកាត់បន្ថយការនាំចូលគ្រឿងសមុទ្រមកពីប្រទេសជិតខាង ម្យ៉ាងទៀតធ្វើឱ្យប្រជាពលរដ្ឋសហគមន៍តំបន់ឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជាមានជីវភាពកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បន្តសហការគាំទ្រយ៉ាងពេញទំហឹង ដើម្បីធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយវារីវប្បកម្មសមុទ្រនៅទីនេះដំណើរការប្រកបដោយជោគជ័យ និងឈានទៅពង្រីកចង្វាក់ផលិតកម្មចិញ្ចឹមជូនដល់ប្រជាពលរដ្ឋសហគមន៍តំបន់ឆ្នេរសមុទ្រកាន់តែច្រើនថែមទៀត ៕
ដោយ ងូ សុមុនី





