សម្ព័ន្ធមេត្រីរវាងគ្រឹះស្ថានមធ្យមសិក្សានៃខេត្តឧត្តរមានជ័យ និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់អាទិភាពក្នុងការគាំទ្រដល់គ្រឹះស្ថានសិក្សានៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីកសាងភាពធន់ និងភាពប្រសើរឡើង ដោយបរិវត្តកម្មឌីជីថលក្នុងការរៀន ការបង្រៀន និងការគ្រប់គ្រងការងារអប់រំ។
ក្នុងន័យនេះ លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យបានរៀបចំកិច្ចសន្ទនារវាងគ្រឹះស្ថានមធ្យមសិក្សាទាំងអស់នៃខេត្តឧត្តរមានជ័យ និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តោតលើអន្តរាគមន៍បន្ទាន់ រួមមាន៖

១.ការត្រួតពិនិត្យឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបច្ចេកវិទ្យាកុំព្យូទ័រ (តំណភ្ជាប់អ៊ីនធឺណែត ឧបករណ៍បញ្ចាំង បន្ទប់កុំព្យូទ័រ …) នៅតាមគ្រឹះស្ថានមធ្យមសិក្សានៃខេត្តឧត្តរមានជ័យ។ ២.ការរៀបចំដំណើរការបង្រៀនដោយផ្សាយបន្តផ្ទាល់សម្រាប់វិទ្យាល័យចំនួន៩ ដែលមានសិស្សានុសិស្សជាបេក្ខជនត្រៀមប្រឡងមធ្យមសិក្សាបត្រទុតិយភូមិ។៣.ការរៀបចំកញ្ចប់មេរៀន វិញ្ញាសា និងអត្រាកំណែត្រៀមប្រឡងមធ្យមសិក្សាបត្រទុតិយភូមិ។៤.ការរៀបចំដំណើរការបង្រៀនដោយផ្សាយបន្តផ្ទាល់សម្រាប់វិទ្យាល័យចំនួន១១ជាការបំប៉នសមត្ថភាពជូនសិស្សានុសិស្សថ្នាក់ទី៩-១១លើគ្រប់មុខវិជ្ជា។


សូមជម្រាបថា នៅទូទាំងខេត្តឧត្តរមានជ័យមានវិទ្យាល័យចំនួន៩ មានបេក្ខជនត្រៀមប្រឡងមធ្យមសិក្សាបត្រទុតិយភូមិសរុបចំនួន១៥៦៨នាក់ ក្នុងនោះសិស្សដែលស្ម័គ្រចិត្តចូលរួមក្នុងការរៀនដើម្បីបំប៉នសមត្ថភាពត្រៀមប្រឡងតាមរយៈការផ្សាយបន្តផ្ទាល់មានចំនួន៨៣៦នាក់៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)




