ឯកឧត្ដម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាល និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតចែកជូនអតីតយុទ្ធជនចំនួន៦៧គ្រួសារ នៅស្រុកស្ទឹងហាវ
AKP ព្រះសីហនុ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីរាជការសំណេះសំណាលសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនចំនួន ៦៧គ្រួសារ និងនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ឧបត្ថម្ភជូនអតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ថ្ងៃនេះយើងបានមកជួបគ្នាសារជាថ្មីជាមួយពូមីងម្តងទៀត ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជន និងនិវត្តន៍ជន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជនរបស់យើងដែលរស់នៅទីនេះដែលបានទទួលផ្ទះ និងដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាល ជាពិសេសពីរដ្ឋបាលខេត្តព្រះសីហនុ សូមជូនពរពូមីងមានសុខភាពល្អ ប្រាជ្ញាឈ្លៀសវៃ ទទួលជ័យជំនះគ្រប់ភារកិច្ច ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា កន្លងមកយើងបានផ្តល់កូនឈើ និងសត្វជាបន្តបន្ទាប់មានដូចជា៖ កូនសាវម៉ាវ ខ្នុរ ដូង ចេក មៀន ស្អំ មាន់ ទាជាដើម ដើម្បីឱ្យបងប្អូនយកមកធ្វើការដាំដុះ និងចិញ្ចឹកនៅទីនេះតាមគ្រួសារនីមួយៗ ដូច្នេះយើងត្រូវដាំដុះដំណាំរួមផ្សំបន្ថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើឡើងថែមទៀត ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ២០៣០ និង២០៥០ ឱ្យប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងជាប្រទេសដែលមានចំណូលខ្ពស់ ជាពិសេសការដាក់ចេញនូវព្រំដែនមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងព្រំដែនមួយមានការអភិវឌ្ឍន៍។ ព្រមទាំងបានថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជនដែលបានខិតខំបំពេញការងារក្នុងបុព្វហេតុការពារជាតិ មាតុភូមិនាពេលកន្លងមក ហើយបងប្អូនជាប្រតិបត្តិករឈ្នះឈ្នះ ក្នុងកិច្ចការពារជាតិ ហើយគុណបំណាច់របស់អតីតយុទ្ធជនរបស់យើងដែលបានលះបង់កម្លាំងកាយ សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋរហូតកម្ពុជាទទួលបានសុខសន្តិភាព និងការឯកភាពផ្ទៃក្នុង។

សម្តេចតេជោ និងសម្តេចធិបតី តែងតែបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនរបស់យើង ដូច្នេះថ្ងៃនេះយើងបានមកទីនេះ ដើម្បីឈ្វេងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើងនៅទីនេះ និងថ្ងៃបន្តបន្ទាប់នៅពេលខាងមុខ។
អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតចែកជូនអតីតយុទ្ធជនចំនួន ៦៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ១កេស ទឹក Pocarisweat ១កេស មី ១កេស ទឹកត្រី ១យូរ ត្រីងៀតសមុត្រ ១គីឡូក្រាម នុំសណ្តែកដី ១ថង់ និងថរិកា ១០ម៉ឺនរៀល ។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត ក៏បានចុះពិនិត្យមណ្ឌលសុខភាពអូរតាសេក និងបានឧបត្ថម្ភជូនមណ្ឌលសុខភាពចំនួន ៥០ម៉ឺនរៀល ស្ត្រីសម្រាលកូន១នាក់ ១០ម៉ឺនរៀល និងអ្នកជំងឺ១នាក់ ៥ម៉ឺនរៀលផងដែរ៕
ដោយ ងូ សុមុនី





