ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាផ្តល់តម្លៃខ្ពស់ដល់បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)
AKP ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--កម្ពុជាផ្តល់តម្លៃខ្ពស់ដល់បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)៖ ក្នុងសន្និសីទកាសែតរួមគ្នា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅឯកោះសេប៊ូ ប្រទេសហ្វីលីពីន បន្ទាប់ពីជំនួបត្រីភាគី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសូមថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្ដបន្ទាប់។
ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់បន្ថែមថា កម្ពុជាស្វាគមន៍ហ្វីលីពីនដែលបានទទួលតំណែងជាប្រធានអាស៊ានបន្ដពីម៉ាឡេស៊ី។ កម្ពុជាបានផ្តល់កិច្ចសហប្រតិបត្ដិការពេញទំហឹង និងអំពាវនាវឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ដបទឈប់បាញ់ និងរាល់វិធានការនានាដែលបានព្រមព្រៀងគ្នា»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនថា ការទទួលស្គាល់និងការពង្រឹងតួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ានមានចែងក្នុងសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាក់ស្តែង ចំណុច ១២ ចែងថា ភាគីទាំងពីរទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ដោយពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។
រីឯចំណុច ១៣ ចែងថា ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីធានាថា បទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន, គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង, ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ក្នុងន័យនេះ ដើម្បីបន្តនិរន្តរភាពនិងសុពលភាពនៃបេសកកម្មសង្កេតការណ៍និងផ្ទៀតផ្ទាត់ការពិតនេះ ប្រធានបេសកកម្មនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ថ្មីប្រចាំកម្ពុជាមកពីប្រទេសហ្វីលីពីន បានមកដល់កម្ពុជាកាលពីរសៀលថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីទទួលភារកិច្ចដឹកនាំបន្តពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ នៅកម្ពុជា ពិធីផ្ទេរនិងប្រគល់ភារកិច្ចដឹកនាំបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ក៏បានប្រព្រឹត្តទៅរួចរាល់ដែរ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
ប្រធានបេសកកម្មនៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីនប្រចាំកម្ពុជា គឺឧត្តមនាវីត្រី GLENN Z DIZON បានសន្យាថា លោកនឹងបន្តខិតខំបំពេញការងារឱ្យសកម្ម និងប្រកបដោយអព្យាក្រឹត្យភាព ដោយធ្វើយ៉ាងណាមិនឱ្យមានភាគីណារំលោភទៅភាគីណាឡើយ ជាពិសេសលោកនឹងបង្កើនថែមទៀត នូវសកម្មភាពល្បាតតាមតំបន់ព្រំដែនដែលមានជម្លោះ។
កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមអ្នកសង្កេតការណ៍ហ្វីលីពីន ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទី ក្នុងនាមប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ឆ្នាំ២០២៦ ដោយអនុលោមតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

ដោយ៖ គង់ សិរីរ័ត្ន





