បទវិចារណកថា៖ ឯកសណ្ឋានយោធាកម្ពុជា ឯកសណ្ឋានដែលពោរពេញដោយកិត្តិយស និងមោទនភាព
AKP ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--
ក្នុងបរិបទនៃភាពច្របូកច្របល់ និងវិបត្តិសកលលោក ដែលបាននិងកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងខ្លាំង ដោយសារការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ការរីកសាយភាយបច្ចេកវិទ្យានុយក្លេអ៊ែរ ឧក្រិដ្ឋកម្មឆ្លងដែន និងការគំរាមកំហែងពីអំពើភេរវកម្ម ។ល។ ធ្វើឱ្យប្រទេសនានាយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យការពារជាតិ សុខសន្តិភាពរបស់ប្រជាពលរដ្ឋ និងសន្តិសុខសាធារណៈរបស់ខ្លួន។
ដូចគ្នានេះ កម្ពុជាក៏បាននិងកំពុងផ្តោតទៅលើបញ្ហាខាងលើនេះដែរ ជាពិសេសក្នុងអំឡុងពេលដែលយោធាថៃបានឈ្លានពាន និងកំពុងកាន់កាប់ដោយខុសច្បាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា។
ជាការពិតណាស់ វិស័យការពារជាតិ គឺជាផ្នែកដ៏សំខាន់ និងចាំបាច់បំផុតមួយ ដែលបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកមាន ដើម្បីធានាសន្តិសុខជាតិ ការពារបូរណភាពទឹកដី និងផលប្រយោជន៍រៀងៗខ្លួន ហើយការពង្រឹង និងធ្វើទំនើបកម្មវិស័យនេះ តាមរយៈការបណ្តុះបណ្តាលកងទ័ព និងការអភិវឌ្ឍបច្ចេកវិទ្យា គឺជាអាទិភាពចម្បងសម្រាប់ប្រទេសនីមួយៗក្នុងការធានាស្ថិរភាព និងការត្រៀមលក្ខណៈក្នុងបរិបទសកលលោកនាពេលបចុប្បន្ន។
ហេតុនេះហើយទើប បណ្តាប្រទេសធំៗនៅលើពិភពលោក បានបង្កើនទំហំចំណាយថវិកា លើកិច្ចការការពារជាតិជារៀងរាល់ឆ្នាំ ហើយសហរដ្ឋអាម៉េរិក នៅតែជាប្រទេសលេខ១ តាមរយៈការចំណាយប្រមាណ ៨៩៥ពាន់លានដុល្លារ ក្នុងវិស័យការពារជាតិ ក្នុងឆ្នាំ២០២៥ ហើយប្រទេសនេះ មានទាហានសកម្មប្រមាណ ១,៣លាននាក់ និងទាហានបម្រុងប្រមាណ ៨០០ ០០០នាក់។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលអាម៉េរិក។
យើងក្រលេកមកមើលព្រះរាជាណាចក្រកម្ពុជាយើងវិញ ខណៈវិស័យការពារជាតិបាននិងកំពុងអភិវឌ្ឍជាបណ្តើរៗ ដោយមានយុទ្ធោបករណ៍ទំនើបៗខ្លះ តាមរយៈការបង្ហាញជាសាធារណៈនាពេលកន្លងមក ដោយក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលកម្ពុជាបានរៀបចំក្របខ័ណ្ឌថវិកាជាតិសរុបដោយគ្រោងចំណាយជាង ១០ពាន់លានដុល្លារអាម៉េរិក ដែលក្នុងថវិកាជាតិនេះ វិស័យការពារជាតិត្រូវបានចាត់ទុកជាអាទិភាពសំខាន់បំផុតមួយ ដើម្បីពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងធានាសុខសន្តិភាព។
យើងទាំងអស់គ្នាដឹងហើយថា កម្ពុជាយើងជាប្រទេសតូច ប្រជាជនតិច និងធ្លាប់ឆ្លងកាត់សង្គ្រាមស្ទើររាប់មិនអស់ ហើយយើងមានទាហានដែលមានបទពិសោធច្រើន ប៉ុន្តែបញ្ហាប្រឈមគឺទាហានរបស់យើងមានអាយុច្រើន។ ដូច្នេះហើយការរើសទាហានថ្មី ដើម្បីបន្តវេន គឺជាជម្រើសដ៏ល្អបំផុតមួយ ក្នុងបរិការណ៍នាពេលបច្ចុប្បន្ននេះ ហើយក៏ចំកាលៈទេសៈដែលប្រជាជាតិយើងកំពុងរងការឈ្លានពានពីសំណាក់ប្រទេសថៃ ផងដែរ។
ជាមួយនឹងសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានអនុម័តជាឯកច្ឆន្ទដោយរដ្ឋសភា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ និងកំពុងបន្តឆ្លងទៅកាន់ការពិនិត្យ និងអនុម័តដោយស្ថាប័នព្រឹទ្ធសភា យើងសង្ឃឹមថាច្បាប់នេះនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ។
សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលមាន ៨ជំពូក និង២០មាត្រា កំណត់ឱ្យប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា រយៈពេល ២៤ខែ ខណៈស្ត្រីអាចស្ម័គ្រចិត្តចូលរួមបាន។ អ្នកដែលគេចវេសពីកាតព្វកិច្ចនេះអាចប្រឈមនឹងទោសជាប់ពន្ធនាគារពី ៦ខែ ដល់ ៥ឆ្នាំ រីឯអ្នកដែលបានបំពេញកាតព្វកិច្ចនឹងទទួលបានអត្ថប្រយោជន៍ដូចជាអាទិភាពការងារ និងការបន្តការសិក្សាជាដើម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងចំពោះកិច្ចប្រជុំវិសាមញ្ញ នៃរដ្ឋសភា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ថា៖ “ច្បាប់កាតព្វកិច្ចយោធា មិនត្រឹមតែជាឧបករណ៍ចាំបាច់ក្នុងការកសាងកម្លាំងទ័ពសម្រាប់ការពារជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងកម្លាំងពលរដ្ឋប្រកបដោយវិន័យ សមត្ថភាព ឆន្ទៈបម្រើសង្គមជាតិ ដែលជាប្រភពនៃកម្លាំងត្រៀមបម្រុង និងជាធនធានដ៏រឹងមាំ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន”។
បន្ថែមពីលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា៖ “គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងនូវសង្គមមួយ ដែលប្រកបទៅដោយធនធានមនុស្ស ដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន ឆន្ទៈមោះមុត ដែលត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលាណាដែលជាតិត្រូវការ ព្រមទាំងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ”។
ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមផងដែរថា សមត្ថភាពការពារជាតិរបស់ប្រទេសមួយ មិនមែនអាស្រ័យត្រឹមតែលើសព្វាវុធ និងគ្រឿងបំពាក់ទំនើបៗនោះទេ។ ប្រទេសជាតិមួយដែលខ្លាំងក្នុងកិច្ចការការពារជាតិ គឺដោយសារមានកងទ័ពដែលពោរពេញទៅដោយភាពអង់អាចក្លាហាន មោះមុត ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិ ដោយឥតលក្ខខណ្ឌ ព្រមទាំងមានប្រជាជនទាំងមូលនៅពីក្រោយ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ថា៖ “ច្បាប់នេះនឹងបង្កើតនូវធនធានទ្រព្យសម្បត្តិជាតិ និងផ្តល់ឱកាសឱ្យយុវជនជំនាន់ថ្មីមានលទ្ធភាពក្នុងការចូលរួមការពារជាតិ ប្រកបដោយវិន័យ មានការលត់ដំ មានកាយសម្បទារឹងមាំ មានជំនាញវិជ្ជាជីវៈ មានឆន្ទៈ មនសិការ ឧត្តមគតិស្នេហាជាតិ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រមទាំងក្លាយជាធនធានមនុស្សដែលស្ថាប័នរដ្ឋ និងឯកជនចង់បានយកទៅបម្រើការ”។
ច្បាប់ស្តីពីកាតព្វកិច្ចយោធា មិនមែនមានតែកម្ពុជានោះទេ បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក សុទ្ធតែមានច្បាប់នេះ តួយ៉ាងដូចជាប្រទេសសិង្ហបុរី ដែលយុវជនអាយុ ១៨ឆ្នាំ ត្រូវតែមានកាតព្វកិច្ចបម្រើជាតិ ឬហៅថា National Service រយៈពេលពីរឆ្នាំ ដែលជាច្បាប់ដ៏តឹងរឹងបំផុតមួយនៅអាស៊ី។
នៅប្រទេសកូរ៉េខាងត្បូងវិញក៏មានច្បាប់នេះផងដែរ ដែលត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ដោយតម្រូវឱ្យយុវជនដែលមានអាយុចន្លោះពី១៨ឆ្នាំ ដល់២៨ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា ចន្លោះពី១៨ខែ ដល់ ២១ខែ ខណៈអ្នកដែលគេចវេស អាចជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។
នៅពេលដែលច្បាប់ស្តីពីកាតព្វកិច្ចយោធានៅកម្ពុជា ចូលជាធរមាន យើងជឿជាក់ថា នឹងមានយុវជនកម្ពុជាជាច្រើននឹងចូលរួមអនុវត្តគ្រប់ៗគ្នា និងស្ម័គ្រចិត្តចូលរួមបម្រើជាតិ បម្រើមាតុភូមិ និងការពារបូរណភាពទឹកដី ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងការឈ្លានពាន។
ជាការពិត យើងមើលឃើញទាំងអស់គ្នាថាសន្ទុះនៃការគាំទ្រ និងចង់ចូលរួមការពារជាតិ ពីសំណាក់យុវជនកម្ពុជា តាមរយៈបណ្តាញសង្គម គឺចាប់តាំងពីការសង្គ្រាមឈ្លានពានលើកទី១ មកម្ល៉េះ តាមរយៈការបង្ហោះសារសម្តែងមរណទុក្ខចំពោះវីរយោធិន សួន រ៉ោន និងការបង្ហាញឆន្ទៈចង់ចូលរួមការពារជាតិ ហើយកាន់តែខ្លាំងនោះគឺសង្គ្រាមឈ្លានពានលើកទី២ បន្ទាប់ពីថៃបានកាន់កាប់ផ្នែកខ្លះនៅតាមបន្ទាត់ព្រំដែន។
ម្យ៉ាងវិញទៀត ពិតមែនតែពាក្យថាយោធា ត្រូវប្រឈមនឹងការចាកឆ្ងាយពីគ្រួសារ ប្រឈមនឹងការពលី ប៉ុន្តែយើងជឿជាក់ថាមនសិការស្នេហាជាតិ ជាពិសេសក្នុងពេលដែលប្រទេសជាតិរងការប្រមាថ រងការឈ្លានពាន គឺជាការឈឺចាប់ដ៏ខ្លាំង ហើយក៏នឹងក្លាយជាឆន្ទៈដ៏មោះមុត ដែលជាកម្លាំងជំរុញយុវជនកម្ពុជា ចូលរួមការពារជាតិ ការពារទឹកដីដ៏កម្សត់មួយនេះ ក្នុងពេលដែលសន្តិភាពដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខិតខំស្វែងរកបានដ៏លំបាក និងបន្តថែរក្សាដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី កំពុងប្រឈមនឹងការបំផ្លាញដោយសត្រូវជិតខាងមួយនោះ។
ជាសរុបរួម នៅពេលដែលច្បាប់ស្តីពីកាតព្វកិច្ចយោធា នឹងត្រូវបានអនុវត្តក្នុងឆ្នាំ២០២៦នេះ យុវជន ដែលគ្រប់អាយុនឹងបានពាក់ឯកសណ្ឋានដែលមានស្លាក ខ.ភ.ម ដែលតំណាងឱ្យ “ខេមរភូមិន្ទ” ដែលឯកសណ្ឋាននេះ នឹងក្លាយជាឯកសណ្ឋានដែលពោរពេញទៅដោយកិត្តិយស និងមោទនភាព ហើយមិនសម្រាប់តែខ្លួនឯង គឺសម្រាប់គ្រួសារ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា សូមជូននូវសុភាសិតខ្មែរ ចំនួន ២ ដែលបានលើកឡើងថា “ស្លាប់ខ្លួន សមសួនជាងស្លាប់កេរ្តិ៍ឈ្មោះ” និង “បើស្លាប់ឱ្យខ្ពស់ បើរស់ឱ្យល្បី កុំស្លាប់ព្រោះស្រី កុំល្បីព្រោះស្រា”។ ពិតមែនតែសុភាសិតនេះពាក់ព័ន្ធនឹងការស្លាប់ ប៉ុន្តែការពលីដើម្បីជាតិ ការមានទង់ជាតិគ្របម្ឈូស គឺជាមោទនភាពរបស់ “យោធា”៕

ដោយ AKP





