កម្ពុជា-វៀតណាម នឹងប្រារព្ធខួបទំនាក់ទំនងការទូតប្រទេសទាំងពីរនៅខែសីហា

AKP ភ្នំពេញ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១២–

ឯកឧត្តម ជាម យៀប ថ្លែងថា រដ្ឋសភានៃប្រទេសទាំងពីរក៏បានឯកភាពគ្នារៀបចំខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី ២០ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ខាងមុខ ដោយមានការចូលរួមពីភាគីកម្ពុជា មានតំ ណាងព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមពីយុវជនចំនួន២០០នាក់ មកពីខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្ត ស្វាយរៀង និងមានការចូលរួមពីលេខាបក្សទីក្រុងភ្នំពេញ សៀមរាប និងខេត្តទាំង៩របស់កម្ពុជា មានរតនគីរី មណ្ឌលគីរី ក្រចេះ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត ក៏ត្រូវបានភាគីវៀតណាម នឹងត្រូវអញ្ជើញឲ្យចូលរួមផងដែរ។ ក្រៅពីនេះក៏មានសិល្បករសិល្ប ការិនីកម្ពុជា ចំនួន៥០រូបក៏ត្រូវបានឲ្យចូលរួមផងដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២នេះ នៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីបញ្ចប់ទស្សកិច្ចផ្លូវការរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម ជាម យៀប បានបន្តទៀតថា នៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកក្កដានេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន បានអញ្ជើញជួបសវនាការ និងពិភាក្សាការងារផងដែរ ជាមួយថ្នាក់ដឹកនាំវៀតណាម ដែលក្នុងនោះ មានអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម ប្រធានាធិបតី វៀតណាម ប្រធានរដ្ឋសភាវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំ វៀតណាមមួយចំនួនទៀត។ រាល់ជំនួបពិភាក្សាបានផ្តោត ការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើ ធ្វើយ៉ាងណាជំរុញការបោះបង្កោលព្រំដែនប្រវែង ១.២៧០គីឡូម៉ែត្ររវាងប្រទេសទាំងពីរឲ្យបាន ឆាប់ រហ័សស្របទៅតាមផែនការកំណត់។ ក្នុងជំនួបនោះដែរ ភាគីវៀតណាមក៏បានស្នើភាគីកម្ពុជា ដែល ជាប្រធានអាស៊ានធ្វើយ៉ាងណា ជំរុញឲ្យសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពី ៦ចំណុច ជាគោលការណ៍របស់អាស៊ានលើបញ្ហាសមុទ្ទចិនខាងត្បូងឲ្យក្លាយ ទៅជាការអនុវត្តជាក់ស្តែង ដើម្បី ដោះស្រាយបញ្ហាសមុទ្ទចិនខាងត្បូង។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាការ និង សវនកម្ម នៃរដ្ឋសភាបានមានប្រសាសន៍ឲ្យដឹងថា វៀតណាមបានសន្យានឹងជំរុញការបង្កើនទំហំ ពាណិជ្ជកម្មរវាងប្រតេសទាំងពីរឲ្យបានកាន់តែច្រើន ក៏ដូចជាជំរុញអ្នកវិនិយោគទេសចរណ៍ មក កាន់កម្ពុជា ឲ្យបានកាន់តែច្រើនផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-វៀត ណាម បានកាន់តែប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ដែរថា បន្ទាប់ពីដំណើរទស្សកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាដឹកនាំដោយ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ក៏បានបន្តដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ  នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០១២ ក្នុងគោលដៅពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពសាគ្គីភាព និង កិច្ចសហប្រតិបត្តិការជាប្រពៃណី ដែល មានយូរលង់ណាស់មកហើយរវាងប្រទេសទាំងពីរកម្ពុជាឡាវ៕ ដោយលោក ជឹម ណារី

    Download PDF

Comments are closed.