ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យការងារជួសជុលនិងស្តារអាងទឹកកន្សែង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារជួសជុល និងស្តារអាងទឹកកន្សែង នៃគម្រោងអភិវឌ្ឍន៍ប្រព័នធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ នាថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមហិរញ្ញប្បទានពីធនគារកូរ៉េ។ គម្រោងនេះគ្របដណ្ដប់លើឃុំ-សង្កាត់ចំនួន១១ នៃក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


ការងារសំខាន់ៗរួមមាន ជួសជុល និងស្តារអាងទឹកចំនួន៣ គឺ៖ ១-អាងទឹងវាំងហែង ស្តុកទឹកបាន ៤លានម៉ែត្រគូប ២-អាងទឹកពង្រ ស្តុកទឹកបាន ៣ ៥សែនម៉ែត្រគូប និង៣-អាងទឹកកន្សែង ស្តុកទឹកបាន ១៥ ៣សែនម៉ែត្រគូប ព្រមទាំងកសាងប្រព័ន្ធប្រឡាយមេសរុប ៩២,៦៥គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការ្យតូចធំចំនួន ៣៨៤កន្លែងផងដែរ៕

ដោយ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





