កម្ពុជា-វៀតណាម ឯកភាពធ្វើការងាររួមគ្នាដើម្បីជំរុញភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទីបី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៦ -- កម្ពុជា និងវៀតណាម បានឯកភាពដាក់ចេញទិសដៅការងាររួមគ្នាចំនួន៥ សំខាន់ៗ ដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី។
យោងតាមក្រសួងទេសចរណ៍នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ ឡាំ ធីភួងថាញ់ រដ្ឋមន្រ្តីក្រសួងវប្បធម៍ កីឡា និងទេសចរណ៍វៀតណាម ក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រភពដដែលបានបន្តថា រដ្ឋមន្រ្តីទាំងពីរបានផ្លាស់យោបល់ និងទស្សនៈស៊ីជម្រៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ អនុលោមតាមស្មារតីនៃជំនួបទ្វេភាគី និងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៣ ដោយបានឯកភាពលើផែនការសកម្មភាពការងារសំខាន់ៗ ចំនួន០៥ ដែលក្នុងនោះរួមមាន ជំរុញការតភ្ជាប់ទេសចរណ៍តាមគ្រប់មធ្យោបាយ ជំរុញរៀបចំព្រឹត្តិការណ៍ទេសចរណ៍នៅតាមបណ្តាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ ជំរុញតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗរវាងប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងជំរុញរៀបចំផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់សម្រាប់ Influencers និងផ្នែកឯកជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ដែរថា ដើម្បីជំរុញការអនុវត្តនូវផែនការដែលបានដាក់ចេញខាងលើឱ្យបានជាក់ស្តែង និងប្រកបដោយប្រសិទ្ធិភាព ក្រុមការងារបច្ចេកទេសត្រូវបានចាត់តាំងដើម្បីតាមដានការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងគ្រោងបន្តពិនិត្យវឌ្ឍនភាពនាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាមលើកទី១ អំឡុងពេលនៃពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ (ITE-HCMC) ក្នុងខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញខាងមុខ។
ដោយ៖ ស្រីពេជ្រ





