វឌ្ឍនភាពការងារស្តារអូរប្រឡាយក្តាន់ សម្រេចបានប្រមាណ ៦០% ហើយ
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៦ -- លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរប្រឡាយក្តាន់ ដែលស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនាថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះ។
លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា អូរប្រឡាយក្តាន់មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពស្រោចស្រព និងដោះស្រាយបញ្ហាទឹកជំនន់ ដោយនាំទឹកពីប្រភពប្រឡាយមេព្រៃខ្ពស់ អូរជ្រៅ ផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងមួយផ្នែកទៀតទាញយកពីស្ទឹងមង្គលបូរី។ ទំហំការងារសំខាន់ៗនៃគម្រោងនេះរួមមាន ស្តារអូរប្រឡាយក្តាន់ប្រវែង ៥.០០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យសរុបចំនួន ១៤កន្លែង។
គិតត្រឹមដើមខែមិថុនានេះ លទ្ធផលការងារនៃគម្រោងទាំងមូលសម្រេចបានប្រមាណ ៦០% ហើយ ហើយនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។ ក្រោយពេលគម្រោងត្រូវបានបញ្ចប់ជាស្ថាពរ វានឹងក្លាយជាប្រភពទឹកស្រោចស្រពយ៉ាងសំខាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវវស្សាចំនួន ១.០៥០ហិកតា និងស្រូវប្រាំងចំនួន ២.៥០០ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាកសិករប្រមាណ ១.៨៥៨គ្រួសារ ក្នុងភូមិចំនួន០៨ នៃឃុំរហាត់ទឹក ស្រុកមង្គលបូរី។


លោកក៏បានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន និងក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ស្របតាមនិក្ខេបបទរបស់គម្រោង ដើម្បីធានាគុណភាពសំណង់ឱ្យមានភាពរឹងមាំយូរអង្វែង និងជំរុញវឌ្ឍនភាពការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





