រដ្ឋបាល ខេត្តតាកែវ បើកកិច្ចប្រជុំគណៈកម្មការរដ្ឋបាលសុរិយោដី និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត
AKPតាកែវថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦– ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការរដ្ឋបាលសុរិយោដី និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងជំរុញវឌ្ឍនភាពការងារគ្រប់គ្រងដីធ្លីនិងដីរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះរៀបចំឡើង នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ កាលពីរសៀលថ្ងៃអង្គារ៩រោចខែជេស្ឋឆ្នាំមមីអដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី09ខែមិថុនាឆ្នាំ2026។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួម ពីលោក លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញសុរិយោដី ចូលរួមជាច្រើនរូបផងដែរ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានធ្វើការណែនាំដល់មន្ត្រីជំនាញសុរិយោដី និងមន្ត្រីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្របសម្រួល ដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ រាល់ទំនាស់ដីធ្លីដែលកើតមានឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន។បញ្ហាដីធ្លីជាបញ្ហារសើបមួយ ព្រោះវាពាក់ព័ន្ធទៅនឹងមុខមាត់របស់ខេត្ត និងប៉ះពាល់ទៅដល់ជំនឿទុកចិត្តរបស់អ្នកវិនិយោគទុន ដែលចង់មកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តតាកែវ។

ដូច្នេះរាល់បញ្ហាទំនាស់ដីធ្លី ដែលកើតមានឡើង អាជ្ញាធរពាក់ព័ន្ធពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមដោះស្រាយជាមួយភាគីពាក់ព័ន្ធ និយាយជារួមត្រូវព្យាយាមដោះស្រាយ វិវាទទាំងអស់នេះក្រៅប្រព័ន្ធតុលាការ។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ការចូលរួមដោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធ ដល់គូទំនាស់រឿងដីធ្លីក្រៅប្រព័ន្ធតុលាការ វានឹងជួយកាត់បន្ថយបញ្ហាកុំឱ្យកាន់តែវែងឆ្ងាយ។ពិសេសវានឹងជួយផ្ដល់ការជឿទុកចិត្ត របស់បងប្អូនប្រជាពលរដ្ឋមកលើអាជ្ញាធរ ដែលចុះសម្របសម្រួលដោះស្រាយបញ្ចប់បញ្ហាឱ្យបានឆាប់។

ឯកឧត្តម វ៉ី សំណាង ក៏បានធ្វើការណែនាំដល់មន្ត្រីជំនាញសុរិយោដី ត្រូវធ្វើយ៉ាងណាចុះបញ្ជីដីរដ្ឋ និងចុះបញ្ជីដីរបស់ប្រជាពលរដ្ឋ តាមរយៈការចុះពិនិត្យវាស់វែង បញ្ចូលទិន្ន័យតាមនីតិវិធី។ដើម្បីផ្ដល់បណ្ណកម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់ និងជៀសវាងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ពីសំណាក់ជនខិលខូចផងដែរ។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រង អាស្រ័យផល និងដោះស្រាយរាល់បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងដីធ្លីរបស់ប្រជាពលរដ្ឋនិងដីរដ្ឋ ស្របតាមគោលនយោបាយ និងច្បាប់ជាធរមាន ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងខេត្តតាកែវទាំងមូល៕
ដោយ៖ តាកែវ អ៊ុច សៀង





