មន្ទីរបរិស្ថានខេត្តកណ្តាល និងមូលនិធិ ខេ អឹម អេច"ចុះអនុស្សរណៈស្តីពីកិច្ចសហការគម្រោងដើមឈើ ១លានដើម" នៅស្រុកកណ្តាលស្ទឹង
AKP កណ្តាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦–មន្ទីរបរិស្ថានខេត្តកណ្ដាល និងមូលនិធិ ខេ អឹម អេច នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ បានឯកភាពគ្នារៀបចំពិធី "ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហការលើគម្រោងដើមឈើ ១លានដើម" ដោយមានការចូលរួមពី ព្រះចៅអធិការវត្ត អាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផងដែរ ស្ថិតនៅបរិវេណវត្តវិហារកំបោរ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោក ពៅ សោមណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល មានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្ត មានគោលដៅដើម្បីបង្កើតភាពស្អាត បៃតង ដូច្នេះថ្ងៃនេះនៅទីតាំងវត្តវិហារកំបោរ មន្ទីរបរិស្ថាន ក្រុមការងារមូលនិធិ ខេ អឹម អេច និងរដ្ឋបាលស្រុក បានរៀបចំកម្មវិធី "ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហការលើគម្រោងដើមឈើ ១លានដើម" ដើម្បីជំរុញលើកទឹកចិត្តដល់ ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាវត្តអារាម ត្រូវចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីអាកាសធាតុល្អប្រសើរនៅកម្ពុជា។ នេះគឺជាសកម្មភាពផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមក្នុងការដាំដើមឈើ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ត្រូវចូលរួមដាំដើមឈើឲ្យបានមួយដើមសម្រាប់ខ្លួនឯង និងសម្រាប់សង្គមជាតិទាំងមូល។

លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ISI GROUP មានប្រសាសន៍ថា បច្ចុប្បន្ន ពិភពលោកក៏ដូចជាកម្ពុជា កំពុងប្រឈមខ្លាំងនឹងបម្រែបម្រួលអាកាសធាតុ និងការកើនឡើងកម្ដៅ ដែលជាសញ្ញាបង្ហាញថាបរិស្ថានជុំវិញខ្លួនយើងកំពុងខ្វះខាត «គម្របពណ៌ បៃតង»។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ គម្រោង «ដើមឈើមួយលានដើម» ត្រូវបានបង្កើតឡើង ក្នុងគោលបំណងបង្កើនគម្របព្រៃឈើឡើងវិញ កាត់បន្ថយកម្ដៅ និងកសាងអនាគតប្រកបដោយនិរន្តរភាព។

លោក ប្រធានក្រុមប្រឹក្សា បានបន្តទៀតថា វត្តមានរបស់ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅថ្ងៃនេះ ពិតជាមានតម្លៃណាស់ ព្រោះការថែរក្សាបរិស្ថានគឺត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់។ មន្ទីរបរិស្ថានខេត្តកណ្ដាល ដែលជាដៃគូយុទ្ធសាស្ត្រតាំងពីឆ្នាំ ២០២២ ដោយបានចូលរួមដាំដុះកូនឈើក្នុងសហគមន៍បានប្រមាណ ២២ ០០០ ដើម ហើយនៅក្នុងឆ្នាំ ២០២៦នេះ មូលនិធិនិងបន្តផ្ដល់កូនឈើចំនួន ១០ ០០០ ដើមបន្ថែមទៀត ដល់មន្ទីរបរិស្ថានខេត្តកណ្ដាល ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





