រដ្ឋបាលខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស នៅស្រុកល្វាឯម
AKP កណ្តាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦–ដើម្បីបន្តពង្រឹងការយល់ដឹង និងរួមចំណែកទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ជាពិសេសលើកុមារតាមប្រព័ន្ធអនឡាញ ព្រមទាំងលើកកម្ពស់ការចំណាកស្រុកដោយសុវត្ថិភាព រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការចំណាកស្រុកដោយសុវត្ថិភាព នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងបរិវេនវត្តបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ។

មានប្រសាសន៍ក្នុងពិធីនេះ លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា បញ្ហាប្រឈមថ្មីៗ នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ការវិវត្តយ៉ាងរហ័សនៃប្រព័ន្ធអ៊ីនធឺណិត ទោះបីជាផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ការសិក្សា និងការទាក់ទងគ្នាក៏ដោយ ប៉ុន្តែវាក៏បានក្លាយជាឧបករណ៍ដែលជនល្មើសប្រើប្រាស់ដើម្បីអូសទាញ និងល្បួងកុមារ តាមរយៈបណ្តាញសង្គមផ្សេងៗ។ក្នុងនោះការផលិត និងការចែកចាយរូបភាព/វីដេអូអាសអាភាសកុមារ ដែលជាការរំលោភបំពានសិទ្ធិ និងបំផ្លាញអនាគតកុមារយ៉ាងធ្ងន់ធ្ងរ។

ចំពោះការចំណាកស្រុកដោយសុវត្ថិភាព លោកស្រី អភិបាលរងខេត្ត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់ទៅធ្វើការងារនៅក្រៅមូលដ្ឋាន ឬក្រៅប្រទេស ត្រូវធ្វើឡើងតាមច្រកផ្លូវច្បាប់ និងមានឯកសារគតិយុត្តត្រឹមត្រូវ ដើម្បីជៀសវាងការចាញ់បោកមេខ្យល់អូសទាញទៅធ្វើការដោយខុសច្បាប់ និងទទួលបានការការពារសិទ្ធិ និងលក្ខខណ្ឌការងារសមរម្យ បង្ការខ្លួនពីការធ្លាក់ទៅក្នុងស្ថានភាពបង្ខំឱ្យធ្វើការងារដោយទំងន់ ឬការជួញដូរពលកម្ម។

លោកស្រី អភិបាលរងខេត្ត ក៏បានជម្រុញដល់អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ត្រូវបន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ឬតំបន់ដែលមានអត្រាចំណាកស្រុកខ្ពស់។ ក្នុងនោះផងដែរឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូបត្រូវតែតាមដាន និងគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិករបស់កូនៗឱ្យបានដិតដល់ ដើម្បីការពារពួកគេពីការល្បួងលោមរបស់ជនខិលខូចតាមប្រព័ន្ធអ៊ីនធឺណិត។គ្រប់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងមានសមត្ថកិច្ច ។
ប្រសិនបើមានការសង្ស័យ ឬជួបប្រទះករណីជួញដូរមនុស្ស ករណីរំលោភបំពានលើកុមារ ឬសកម្មភាពមេខ្យល់ខុសច្បាប់ ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរជិតបំផុត ដើម្បីចាត់វិធានការទាន់ពេលវេលា ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





