សម្តេច ម៉ែន សំអន៖ បួងសួងសុំបារមី ទេពឧកញ៉ាឃ្លាំង មឿង និងជំទាវខាន់ខៀវ ប្រទានពរជ័យជូនជាតិមាតុភូមិ និងជោគជ័យក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ --
បន្ទាប់ពីបានចុះសួរសុខទុក្ខកងកម្លាំងនៅសមរភូមិទិសថ្មដា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញអុជទៀន ធូប ផ្កាភ្ញី គោរពបូជាចំពោះវិញ្ញាណក្ខន្ធ ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ នៅបូជនីយដ្ឋាន ដែលស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏មហាសក្ខីកម្មនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានប្រកាសបួងសួងយ៉ាងមុតមាំ សុំឱ្យបារមី ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ជួយតាមថែរក្សាការពារថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យទទួលបានជោគជ័យក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ប្រកបដោយសន្តិវិធី និងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងបញ្ជាក់ក្នុងន័យដាស់តឿនស្មារតីជាតិនិយមថា "ខ្ញុំសូមបួងសួងឱ្យបារមីទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ជួយការពារថ្នាក់ដឹកនាំយើងឱ្យមានជ័យជម្នះក្នុងការការពារបូរណ ភាពទឹកដី និងសូមជូនពរដល់កងកម្លាំងការពារព្រំដែនរបស់យើង ដែលកំពុងឈរជើងការពារទឹកដីពីការឈ្លានពានរបស់សត្រូវ សូមឱ្យទទួលបានសុខភាពល្អ និងសុវត្ថិភាពខ្ពស់ ក្នុងការបំពេញបេសកកម្មដ៏ពិសិដ្ឋនេះ "។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកស្រីអ្នកតំណាងរាស្ត្រពីខេត្តនានា រួមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត។

គួររំលឹកផងដែរថា តាមរយៈប្រវត្តិសាស្ត្រ ទេពឧកញ៉ា ឃ្លាំង មឿង ត្រូវបានចាត់ទុកជាវរជនស្នេហាជាតិដ៏អង់អាចក្លាហាន ដែលបានបូជាជីវិតខ្លួនឯង និងជំទាវ ខាន់ ខៀវ ដើម្បីកេណ្ឌទ័ពខ្មោចជួយព្រះអង្គច័ន្ទរាជានៅក្នុងចម្បាំងការពារទឹកដីពីសត្រូវសៀម។ ស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់ទេពឧកញ៉ា បានដក់ជាប់ក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប។ នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ក៏បានបួងសួងសុំឱ្យបារមី ទេពឧកញ៉ា ជួយតាមថែរក្សាទឹកដីខេត្តពោធិ៍សាត់ឱ្យមានការអភិវឌ្ឍ សម្បូរសប្បាយ និងផ្តល់ទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ការងារកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជារៀងរហូត៕
ដោយ៖ សួស សំរិត





