រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ចុះពិនិត្យមើលតាមស្ដង់ផ្នែកសេវាសុខាភិបាល សម្រាប់សង្គ្រោះ បឋម ជូនដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពិធីបុណ្យអុំទូក
AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ -- ដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកលេងកម្សាន្ដនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលបានប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម សាស្រ្តា ចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២១ ខែវិច្ឆិកានេះ បានអញ្ជើញចុះពិនិត្យមើលតាមបណ្ដាស្តង់ សម្រាប់ពិនិត្យ និងសង្រ្គោះបឋម ២៤ម៉ោង ដែលកំពុងដាក់ប្រចាំការបម្រើសេវាសុខាភិបាល ជួនដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពនៅក្នុង កំឡុងពេលព្រះរាជពិធីបុណ្យអុំទូក។

ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា នៅក្នុងកំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបអកអំបុក និងសំពះព្រះខែ អកអំបុកនេះ ក្រសួងសុខាភិ បាល បានត្រៀមរួចជាស្រេច ដើម្បីជួយសង្គ្រោះ និងថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយ ដាក់គ្រូពេទ្យឱ្យនៅប្រចាំការចំនួន១២ស្តង់ រួមនឹងរថយន្តសង្រ្គោះប្រចាំការចំនួន៦៨រថយន្ត និងក្រុមគ្រូពេទ្យចល័តចំនួន១.០៣៧នាក់។ ទន្ទឹមនេះ ក្រសួងក៏បានសហការជាមួយអាជ្ញាធរ មូលដ្ឋាន នគរបាល សម្រាប់រង់ចាំទទួលប្រជាពលរដ្ឋ មកកម្សាន្ត និងសង្រ្គោះជូនដល់ប្រជា ពលរដ្ឋណាដែលមានបញ្ហាសុខភាព ដោយមិនឱ្យមានកង្វល់ខ្វល់ខ្វាយពីបញ្ហាសុខភាព ក្នុងពេលដើរកម្សាន្តសប្បាយ នៅក្នុងព្រះរាជពិធីបុណ្យនោះឡើយ។ ឯកឧត្តមបានណែនាំឱ្យ ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដោយចូលរួមការពារទប់ ស្កាត់ការចម្លងរោគឆ្លងនានា និងការពារការរាគរូស ឬពុលចំណីអាហារ ដោយអនុវត្តន៍ វិធានការថែរក្សាអនាម័យស្អាត ធានានូវសុវតិ្ថភាពចំណីអាហារ បរិភោគចំណីអាហារឆ្អិនល្អ និងពិសារទឹកស្អាត ឬដាំពុះ។ លើសពីនេះទៀត សូមកុំច្រាន ឬប្រជ្រៀតគ្នា ដើម្បីទប់ស្តាត់នូវការដួលសន្លប់ ដែលអាចកើតមានដោយយថាហេតុ បើបងប្អូនវិលមុខ ឬស្រវាំងភ្នែកសុំអង្គុយ និងហៅរកអ្នកជួយសង្រ្គោះ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានចាត់ចែង ឱ្យមានសេវាសង្រ្គោះ និងការពិនិត្យព្យាបាលនៅតាមទីតាំងដូចបានរៀបរាប់ខាងក្រោមនេះ បានដោយគ្មានការបង់ថ្លៃឡើយ ហើយមួយទៀតបើមានបញ្ហាអ្វីមួយកើតឡើងនោះ សូមទំនាក់ទំនងមកលេខ១១៩សម្រាប់សេវារថយន្តសង្រ្គោះបន្ទាន់។

ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ក្រសួង ក៏បានត្រៀមឱ្យមានក្រុមគ្រូពេទ្យចល័ត ក្នុងហ្វូងប្រជាពលរដ្ឋដោយមានឯកសណ្ឋានពេទ្យ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែល គាត់អាចមានបញ្ហាសុខភាព ឬមិនអាចមករកគ្រូពេទ្យនៅតាមស្ដង់សុខភាព ឬរថយន្តសង្រ្គោះ បានផងដែរ៕


ដោយ អ៊ុន រិទ្ធី






