កិច្ចប្រជុំក្រុមប្រឹក្សាជាតិផ្ដល់ឋានៈសាស្ត្រាចារ្យ និងពិនិត្យមើលសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាន ក.ជ.ស.
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦--នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិដើម្បីផ្ដល់ឋានៈសាស្ត្រាចារ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីផ្ដល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា ហៅកាត់ (ក.ជ.ស.) ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិផ្ដល់ឋានៈសាស្ត្រាចារ្យ និងពិនិត្យមើលសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាន ក.ជ.ស.។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ការដាក់ចេញនូវព្រះរាជក្រឹត្យស្ដីពីការផ្ដល់ឋានៈសាស្ត្រាចារ្យនៅកម្ពុជា មិនមែនគ្រាន់តែជាការផ្ដល់ងារជាកិត្តិយសប៉ុណ្ណោះទេ ថែមទាំងជាយន្តការគតិយុត្តដ៏សំខាន់ក្នុងការធ្វើកំណែទម្រង់ឧត្តមសិក្សា ដែលមានគោលដៅចម្បងពង្រឹងគុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដោយចាប់ផ្ដើមពីការកំណត់ស្ដង់ដាសមត្ថភាពគ្រូបង្រៀននៅឧត្តមសិក្សាឱ្យមានលក្ខណៈប្រកួត ប្រជែង និងមានគុណវុឌ្ឍិខ្ពស់ និងជំរុញការស្រាវជ្រាវ ការបោះពុម្ពផ្សាយ និងលើកទឹកចិត្តដល់បញ្ញវន្តឱ្យខិតខំធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីទទួលបានពិន្ទុសម្រាប់ឡើងឋានៈសាស្ត្រាចារ្យដែលជាការរួមចំណែកដល់ការរីកចម្រើននៃចំណេះដឹងថ្មីៗក្នុងប្រទេស។

នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសហការរបស់ក្រុមការងារអន្តរក្រសួង ក្នុងការរៀបចំសេចក្ដីព្រាងអនុក្រឹត្យ និងបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សាជាតិដើម្បីផ្ដល់ឋានៈសាស្ត្រាចារ្យ ប្រកបដោយវឌ្ឍនភាព ដែលនឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការបន្តជំរុញការងារនេះឱ្យសម្រេចបានជោគជ័យឆ្លើយតបនឹងចក្ខុវិស័យពង្រឹងគុណភាពអប់រំឧត្តមសិក្សា។
ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្ដល់នូវការពិភាក្សាលម្អិតបន្ថែមដោយផ្ដោតលើអនុសាសន៍គន្លឹះដូចជា៖ ១. ការបង្កើតគណៈកម្មការ និងអនុគណៈកម្មការជំនាញតាមវិស័យ ២. កំណត់លក្ខណៈវិនិច្ឆ័យឱ្យច្បាស់ពីឋានៈសាស្ត្រាចារ្យជា ៣កម្រិត រួមមាន សាស្ត្រាចារ្យជំនួយ (Assistant Professor) សាស្ត្រាចារ្យរង (Associate Professor) និងសាស្ត្រាចារ្យ (Professor) និង ៣. ពង្រឹងយន្តការវាយតម្លៃតាមរយៈការប្រឡង បទពិសោធបង្រៀន គុណវុឌ្ឍិ និងស្នាដៃស្រាវជ្រាវបោះពុម្ពផ្សាយ។

ផ្អែកលើស្មារតីអង្គប្រជុំ ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ជំហានបន្ទាប់គឺ៖ ១. ត្រូវរៀបចំតែងតាំងអគ្គលេខាធិការទទួលបន្ទុកការងារនេះ ២. រៀបចំគណៈកម្មការជំនាញតាមវិស័យដែលមានសមាសភាពអន្តរក្រសួង ៣. រៀបចំយន្តការវាយតម្លៃក្នុងក្របខណ្ឌចំណេះដឹង បទពិសោធបង្រៀន និងការស្រាវជ្រាវ ៤. បន្តលើកទឹកចិត្ត និងលើកកម្ពស់វិជ្ជាជីវៈដោយបណ្ដុះវប្បធម៌នៃការរៀនសូត្រពេញមួយជីវិត ដើម្បីកសាងប្រព័ន្ធឧត្តមសិក្សាកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលនៃការបណ្ដុះបណ្ដាល និងស្រាវជ្រាវដែលមានឧត្តមភាព៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





