ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការបង្ក្រាបបទ ល្មើសឆ្លងដែន និងសន្តិសុខតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព
AKP បន្ទាយមានជ័យថ្ងៃទី២៤ខែមេសាឆ្នាំ២០២៦--ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសង្គមជូនប្រជាពល រដ្ឋក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែន លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលជំនាញគ្រប់ជាន់ ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ និងការផ្តល់សេវាសាធារណៈ។ 
ការដាក់បទបញ្ជានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅការងារខែបន្ទាប់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្ត។
ចំណុចគន្លឹះនៃបទបញ្ជាទាំង នោះរួមមានការពង្រឹងសន្តិសុខព្រំដែន និងបទល្មើសឆ្លងដែនត្រូវទប់ស្កាត់ បង្ការ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ជាពិសេសនៅតាមបណ្តាក្រុង/ស្រុក ដែលស្ថិតនៅជាប់ខ្សែបន្ទាត់ព្រំដែនការបង្ក្រាបបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scamsឱ្យមានប្រសិទ្ធភាព ។
ត្រូវពង្រឹងការទប់ស្កាត់ការប្រមូលផ្តុំ និងការស្នាក់នៅខុសច្បាប់របស់ជនបរទេសក្នុងភូមិសាស្ត្រខេត្តឱ្យបានតឹងរ៉ឹង។ 
នគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវពង្រឹងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អ និងត្រូវមានកម្លាំងយាមល្បាតប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាសុវត្ថិភាពភូមិ-ឃុំ សង្កាត់។ បន្តស្រាវជ្រាវ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសសកម្មភាពក្មេងទំនើង ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ។ ត្រូវត្រៀមកម្លាំង មធ្យោ បាយ ឧបករណ៍ និងសម្ភារៈពន្លត់អគ្គិភ័យឱ្យបានស្រេច ដើម្បីចេញអន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលាបំផុត។ 
លោកឧត្តមសេនីយ៍ត្រី ស្នងការ បានសង្កត់ធ្ងន់ថា ការអនុវត្តការងារត្រូវប្រកាន់ខ្ជាប់តាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សំដៅធ្វើយ៉ាងណាឱ្យកិច្ចប្រតិបត្តិការជំនាញកាន់តែមានភាពប្រសើរឡើង និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះក៏បានឆ្លុះបញ្ចាំងពីលទ្ធផលការងារដែលសម្រេចបានចាប់ពីថ្ងៃទី២០ ខែមីនា រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់កងកម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ៕
ដោយ ៖ឈុនសារ៉ាត





