ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋអេស្តូនី អញ្ជើញប្រគល់សារតាំង ព្រះមហាក្សត្រកម្ពុជា ជូនចំពោះប្រធានាធិបតីអេស្តូនី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ -- ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋអេស្តូនី បានអញ្ជើញចូលរួមប្រគល់ ព្រះរាជសារតាំង ព្រះមហាក្សត្រកម្ពុជា ជូនចំពោះប្រធានាធិបតីអេស្តូនី ក្នុងពិធីផ្លូវការដ៏មានសារៈសំខាន់ ដែលសម្គាល់ការចាប់ផ្តើមបេសកកម្មការទូតរបស់ឯកឧត្តម នៅទីក្រុងតាលិន សាធារណរដ្ឋអេស្តូនី នាថ្ងៃទី២២ និងទី២៣ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសន៍ពាំនាំព្រះរាជបណ្តាំសារសួរសុខទុក្ខដ៏កក់ក្តៅពីព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជូនចំពោះឯកឧត្ដមប្រធានាធិបតី និងប្រជាជនអេស្តូនី។ ឯកឧត្ដមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កំពុងមានទិសដៅវិជ្ជមាន និងមានសក្តានុពលខ្ពស់សម្រាប់ការពង្រឹង និងពង្រីកបន្ថែម។ ឯកឧត្ដម ឯកអគ្គរាជទូតបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើគោលការណ៍នៃការគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងការលើកកម្ពស់ផលប្រយោជន៍រួម។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះសមិទ្ធផលរបស់អេស្តូនី ក្នុងការកសាងប្រទេសឱ្យក្លាយជាប្រទេសឌីជីថលឈានមុខមួយនៅលើពិភពលោក ហើយបានលើកឡើងពីសារៈសំខាន់នៃការចែករំលែកបទពិសោធន៍ក្នុងវិស័យរដ្ឋាភិបាលឌីជីថល សេវាសាធារណៈ អនឡាញ និងសន្តិសុខសាយប៊ឺរ។

ក្នុងពេលជាមួយគ្នានេះដែរ ឯកឧត្ដម ឯកអគ្គរាជទូតក៏បានជួបពិភាក្សាជាមួយ លោក Mati Murd អគ្គនាយកផ្នែកអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអេស្តូនី ដោយបាននាំសារសួរសុខទុក្ខពីឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ផងដែរ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឌីជីថល សេដ្ឋកិច្ចបៃតង ពាណិជ្ជកម្ម អប់រំ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការពង្រីកការតភ្ជាប់សេដ្ឋកិច្ចរវាងតំបន់អាស៊ាន និងសហភាពអឺរ៉ុប។ ទន្ទឹមនេះ ដើម្បីជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កម្ពុជាបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់សាធារណរដ្ឋអេស្តូនី និងប្រព័ន្ធផ្សព្វផ្សាយជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរព័ត៌មាន ការយល់ដឹង និងវប្បធម៌រវាងប្រទេសទាំងពីរ។ ឯកឧត្ដមបានអះអាងថា ការសហការនេះត្រូវបានចាត់ទុកថា ជាគន្លឹះសំខាន់ក្នុងការពង្រឹងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមកឱ្យកាន់តែជិតស្និទ្ធ។

ក្នុងន័យនេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានលើកឡើងផងដែរថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយដែលមានវប្បធម៌ និងអរិយធម៌ដ៏យូរលង់ និងសម្បូរបែប ដែលបានបន្តរក្សាទុក និងអភិវឌ្ឍន៍តាំងពីសម័យ ចក្រភពអង្គរ មក។ បន្ថែមពីនេះទៀត កម្ពុជាមានបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃជាច្រើន រួមមានប្រាសាទបុរាណ ប្រពៃណី ទំនៀមទម្លាប់ និងសិល្បៈ ដែលជាអត្តសញ្ញាណជាតិដ៏លេចធ្លោ។
ក្នុងជំនួបនោះដែរ លោក Mati Murd បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកអគ្គរាជទូតកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារដែលបានលើកឡើងក្នុងជំនួបនេះ។ លោកបានបន្ថែមថា ភាគីអេស្តូនីបានបញ្ជាក់ពីការគាំទ្រ និងឯកភាពចំពោះទស្សនៈរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការទូត សេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល អប់រំ និងវប្បធម៌។ លោក Mati Murd បានឱ្យដឹងទៀតថា ភាគីអេស្តូនីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស គួរតែផ្អែកលើគោលការណ៍នៃការគោរពអធិបតេយ្យភាព សមភាពរវាងរដ្ឋ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការយកច្បាប់អន្តរជាតិជាគោល។ បន្ថែមពីនេះ អេស្តូនីក៏បានបញ្ជាក់ផងដែរថា ការគោរពច្បាប់អន្តរជាតិ និងយន្តការពហុភាគី គឺជាមូលដ្ឋានសំខាន់សម្រាប់ការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅលើពិភពលោក។
ជាមួយគ្នានេះ ភាគីអេស្តូនីក៏បានសម្តែងការយល់ស្របចំពោះការលើកឡើងរបស់ឯកអគ្គរាជទូត ស្តីពីការដោះស្រាយបញ្ហានានាដោយសន្តិវិធី និងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី។ ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសន្ទនា និងការសហការជិតស្និទ្ធ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម និងការយល់ដឹងរវាងប្រជាជនទាំងពីរ។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការខិតខំអនុវត្តបេសកកម្ម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអេស្តូនី ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
សូមរម្លឹកផងដែរថា ទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋអេស្តូនី ត្រូវបានបង្កើតឡើងជាផ្លូវការ នៅឆ្នាំ ១៩៩៧។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងទ្វេភាគីក៏កំពុងត្រូវបានលើកកម្ពស់បន្ថែម ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល អប់រំ និងសេដ្ឋកិច្ច ដោយផ្អែកលើសក្តានុពល និងបទពិសោធន៍របស់អេស្តូនីជាប្រទេសឌីជីថលឈានមុខមួយនៅលើពិភពលោក៕
ដោយ៖ រិទ្ធី, ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអេស្តូនី





