ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យកងកម្លាំងសម្អាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈថ្នាក់ដឹកនាំកំពុងគាំទ្រ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦---
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្ដចុះសម្អាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខណៈថ្នាក់ដឹកនាំកំពុងគាំទ្រយ៉ាងខ្លាំងពិសេសថ្នាក់ដឹកនាំបានកោតសរសើរចំពោះការអនុវត្តការងាររបស់យើងកន្លងមកបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយ រីករាយជូនប្រជា ពលរដ្ឋនិងការងារ អនាម័យបរិស្ថានជាដើម។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បញ្ជាបែបនេះ នៅក្នុងប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេងបានមានប្រសាសន៍ថា ការកោតសរសើរ ពីថ្នាក់ដឹកនាំ ពិសេសឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីនិងកងកម្លាំងរបស់យើង ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថា៖«មន្ត្រីរាជការ ជាអ្នកបំរើរាស្ត្រ»។យើងពិតជាអនុវត្តការងារបានល្អ។ ជាក់ស្តែងសម្រាប់នគរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ នៅរាជធានីភ្នំពេញកន្លងមកនេះ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយ រីករាយជូនប្រជាពលរដ្ឋនិងការងារ អនាម័យបរិស្ថាន យើងអនុវត្តបានល្អ ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ ហើយចំពោះការអនុវត្តការងារសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ក៏ទទួលបានការកោតសរសើរថ្នាក់ដឹកនាំផងដែរ ដូច្នេះយើងត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត៕



ដោយ ៖សួស សំរិត





