មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអំពាវនាវឱ្យពលរដ្ឋមានបញ្ហាសុខភាព ត្រូវមករកគ្រូ ពេទ្យភ្លាមៗនៅតាមស្ដង់ដែលមានសញ្ញាបាកបាទក្រហម
AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ -- ក្នុងឱកាសបុណ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរយៈ ពេលបីថ្ងៃនេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានបញ្ហា សុខភាពត្រូវមករកគ្រូពេទ្យភ្លាមៗ នៅតាមស្ដង់មានសញ្ញាកាកបាទក្រហម មុននឹងចូលរួម កម្សាន្តកម្មវិធីផ្សេងៗ ដូចជាការមើលការប្រណាំងទូក ឬប្រគុំតន្ត្រីជាដើម។

ការអំពាវនាវនេះបានធ្វើឡើងនៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៨នេះ តាមរយៈការបញ្ជាក់ប្រាប់ ដល់អ្នកសារព័ត៌មាន ដើម្បីជំរុញពលរដ្ឋឱ្យរកសេវាព្យាបាលដែលក្រសួងបានរៀបចំនៅតាម ទីសាធារណៈក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នៅក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានអញ្ជើញមកទស្សនាកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវអនាម័យពេលហូបចុក ចំណីអាហារត្រូវលាងដៃឱ្យស្អាត ជាពិសេសក្រោយពីចេញពីបន្ទប់ទឹក ពិសារអាហារណាដែលបានចម្អិនឆ្អិនល្អ ពិសារទឹកឱ្យគ្រប់គ្រាន់ដើម្បីការពារការខ្វះជាតិទឹកនាំឱ្យវិលមុខ និងឈឺក្បាលពេលដើរលេងអស់កម្លាំង។ ឯកឧត្តមបានបន្ដថា ក្រសួងសុខាភិបាលក៏បានត្រៀម រថយន្តសង្រ្គោះបន្ទាន់ចំនួន៦៥គ្រឿងដោយរថយន្តទាំងនោះមកពីខេត្តចំនួន១៣គ្រឿង ក្រៅពី នោះជារថយន្តរបស់ក្រសួងសុខាភិបាលសម្រាប់ត្រៀមទុកនៅទីស្តីការក្រសួងសុខាភិបាល និងដាក់ពង្រាយតាមឆ្នេរទន្លេត្រើយខាងកើត និងដាក់នៅកន្លែងស្នាក់នៅរបស់ក្រុមកីឡាករកីឡាការិនីអុំទូក។ ឯកឧត្តមសង្ឃឹមថា ប្រជាពលរដ្ឋ នឹងចូលរួមថែរក្សាសុខភាពបានល្អ ដើម្បី ដើរកម្សាន្តសប្បាយនៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូករហូតដល់ចប់ក្នុងរយៈពេលបីថ្ងៃនេះ ហើយនាំយកសេចក្តីសប្បាយត្រឡប់ទៅផ្ទះវិញដោយក្ដីរីករាយបំផុត៕
ដោយ គង់ សិរីរ័ត្ន






