អភិបាលខេត្ដព្រះសីហនុ អញ្ជើញចូលរួមផ្តល់រង្វាន់ជូនដល់កីឡាករទូក ដែលទទួលបានជ័យលាភី
AKP ព្រះសីហនុ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ -- ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីផ្តល់រង្វាន់ជ័យលាភី ដល់កីឡាប្រណាំងទូកផ្កាចារ ដែលបានប្រព្រឹត្តទៅរយ:ពេលពីរថ្ងៃ គឺថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអាងទឹកឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ពិធីនេះបានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៨ ។

លោក ដេត ណូ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានបច្ចេកទេស ការប្រណាំងទូកផ្កាចារខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំនេះ មានទូកផ្កាចារចូលរួមប្រកួត ចំនួន២១ទូក និងទូកស្នោ៦គូ។ ចំពោះទូកផ្កាចារនេះគឺមានចំណុះមនុស្ស ៥នាក់ ៦នាក់ និង១៤នាក់ ដែលបានចូលរួមប្រកួត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេលពីរថ្ងៃ ស្ថិតនៅអាងទឹកឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកបានបន្ដថា ជាលទ្ធផលទូកចំណុះ ៥នាក់ ចំណាត់ថ្នាក់លេខ១ ចំនួន ៣ទូក លេខ២ ៤ទូក និងលេខ៣ ៤ទូក ។ ចំណែកទូកចំណុះ ៦នាក់ លេខ១ មាន១ទូក លេខ២ មាន១ទូក និងលេខ៣ មាន១ទូក ហើយទូកចំណុះ ១៤នាក់ លេខ១ មាន១ទូក លេខ២ មាន១ទូក ។

ឯកឧត្តម យន្ត មីន បានមានប្រសាសន៍កោតសសើរដល់កីឡាករអុំទូកទាំងអស់ ដែល បានចូលរួមប្រកួតរយៈពេលពីរថ្ងៃនេះយ៉ាងស្វិតស្វាញ បញ្ចេញអស់កម្លាំងកាយ និងលក្ខណៈ បច្ចេកទេស ដើម្បីឈានដណ្ដើមយកជ័យជម្នះសម្រាប់ក្រុមរបស់ខ្លួន ដោយសារការ សហការ សាមគ្គីគ្នាបានល្អ។ ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា នៅឆ្នាំក្រោយរដ្ឋបាលខេត្ត នឹងរៀបចំ ព្រឹត្តិការណ៍ប្រណាំងទូកផ្កាចារនេះឱ្យកាន់តែអធិកអធមបន្ថែមទៀត ដើម្បីទាក់ទាញដល់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិឱ្យមកលេងទស្សនាកម្សាន្តនៅខេត្តព្រះសីហនុកាន់តែ ច្រើនថែម ទៀត។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានផ្តល់រង្វាន់ដល់ទូកដែលបានទទួល ជ័យលាភី សម្រាប់ទូកលេខ១ ទទួលបានពាន១ ទង់ជ័យលាភី១ និងថវិកា១លានរៀល , ទូកចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា៦០ម៉ឺនរៀល និងទូកចំណាត់ថ្នាក់លេខ៣ ទទួល បានថវិកា ៥០ម៉ឺនរៀល។ ដោយឡែកទូកមិនទទួលបានចំណាត់ថ្នាក់ ក៏ទទួលបានថវិកា ក្នុងមួយទូកចំនួន៤០ម៉ឺនរៀលផងដែរ ៕


ដោយ ងូ សុមុនី






