រដ្ឋបាលខេត្តតាកែវសម្រេចបិទផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទី បន្ទាប់ពីរកឃើញមានអ្នកពាក់ព័ន្ធជំងឺកូវីដ១៩ជាច្រើននាក់
AKP តាកែវ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ -- រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីសម្រេចមួយដោយបានធ្វើការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារសំរោងយ៉ោង ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្មៅខ្ចី ឃុំត្រពាំង សាប ស្រុកបាទី ខេត្តតាកែវ ដោយសារផ្សារនេះមានអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ដោយផ្ទាល់ និងប្រយោលជាច្រើននាក់។ ការចម្រេចបិទនេះ បានធ្វើឡើង កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើតខែជឹស្ឋ ឆ្នាំឆ្លូវត្រីស៍ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងការចុះជួបជាមួយបងប្អូនអាជីវករផ្សារសំរោងយ៉ោង ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានថ្លែងថា គោលបំណងផ្អាកជាបណ្តោះអាសន្ននូវដំណើរការលក់ដូរនៅក្នុងផ្សារសំរោងយ៉ោងនេះ គឺដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ដើម្បីទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងរីករាលដាលទៅតំបន់ផ្សេងៗទៀត។ ឯកឧត្ដមក៏បានអំពាវនាវសូមបងប្អូអាជីវករលក់ដូរនៅក្នុងផ្សារសំរោងយ៉ោងទាំងអស់ ត្រូវមានកាតព្វកិច្ចផ្តល់វត្ថុសំណាកយកទៅវិភាគរកមេរោគកូវីដ១៩ដល់មន្ត្រីជំនាញសុខាភិបាល។ ទន្ទឹមនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តតាកែវនឹងចុះទៅ យក សំណាកពីបងប្អូនអាជីវករទាំងអស់ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ នៅមណ្ឌល ចត្តាឡីស័ក សាលាបឋមសិក្សា ហាំងង៉ោស្មៅខ្ចី។ ក្នុងករណីបងប្អូនខកខានមិនបានទៅ ផ្តល់វត្ថុសំណាកតាមការកំណត់ខាងលើត្រូវទៅផ្តល់សំណាកនៅមណ្ឌលសុខភាព ឬមន្ទីរ ពេទ្យបង្អែក ដែលនៅជិតលំនៅឋានរបស់បងប្អូន។

ឯកឧត្តមអភិបាលខេត្តតាកែវក៏បានធ្វើការស្នើឲ្យបងប្អូចអាជីវករទាំងអស់ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការអនុវត្ត វិធានការផ្អាកជាបណ្តោះអាសន្ននេះ ហើយត្រូវបានហាមឃាត់រាល់ការជួបជុំ ឬប្រមូលផ្តុំ មនុស្សច្រើន លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានឱ្យដឹងថា បើគិតមកដល់រសៀលថ្ងៃទី២០ ខែឧសភាឆ្នាំ២០២១នេះ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ក្នុងផ្សារសំរោងយ៉ោងត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើការពិនិត្យរកជំងឺ កូវីដ ១៩បានចំនួន ៣៤០នាក់ ហើយនៅក្នុងនោះ ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួនវិជ្ជមានកូវីដ១៩៕


ដោយ អ៊ុច សៀង






