រដ្ឋបាលខេត្តកណ្ដាល បន្តទទួលអំណោយពីសប្បុរសជននានា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល
AKP កណ្ដាល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ -- ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះបាន អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងថវិកាមួយចំនួន ពីសប្បុរសជននានា សម្រាប់ប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងថវិកាមួយចំនួន ត្រូវបានសប្បុរសជននានាបន្តជួយឧបត្ថម្ភ ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
អំណោយដែលសប្បុរសជនបានឧបត្ថម្ភជូនរដ្ឋបាលខេត្តកណ្ដាលរួមមាន៖
១. លោកជំទាវឧកញ៉ា ស៊ុយ សុផាន និងឯកឧត្តម តាំង គីមថុន ព្រមទាំងបុត្រា បុត្រី បានឧបត្ថម្ភនូវ អង្ករចំនួន ១០ តោន ទឹកក្រូច ២០០ កេស ទឹកបរិសុទ្ធ ២០០ កេស និងថវិកា ២ពាន់ដុល្លារ។
២. លោកស្រី ប៉ិច សុគន្ធារី ស្ថាបនិកក្រុមហ៊ុន ស៊ី អ៊ី អូ យូរា បានឧបត្ថម្ភនូវ អង្ករចំនួន ២ តោន មី ៥កេសធំ ទឹកត្រី ៥០ យួរ ទឹកស៊ីអ៊ីវ ៥០យួរ ម៉ាស ៥កេសធំ ត្រីខ ៥កេសធំ ទឹកបរិសុទ្ធ ៥០ កេស អាលកុល ៣ កាន និងថវិកា ៣ លានរៀល។
៣. លោកឧកញ៉ា សុខ ថៃ និងលោកជំទាវ ចាន់ នី បានឧបត្ថម្ភនូវ អង្ករចំនួន ៥ តោន មីង ៥០០ កេសតូច និងទឹកស៊ីអ៊ីវ ១៥០យួរ។
៤. ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត បានឧបត្ថម្ភនូវ ទឹកថ្នាំសម្លាប់មេរោគលើសម្ភារៈ ចំនួន ១៣ កេស ទឹកក្រអូបសំលៀកបំពាក់កំចាត់មេរោគ ៥កេស ទឹកកម្ចាត់មេរោគ ១៣កេស ទឹកសាប៊ូលាងចាន ១២កេស បបរគ្រឿងកំប៉ុង ៥០កេស ជែលលាងដៃ ៥កេស និងសាប៊ូដុសខ្លួនម៉ាក លុច្ស ២កេស។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា និងលោក លោកស្រីទាំងអស់ ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសន្យាថា និងនាំយកសម្ភារៈទាំងអស់នេះ ប្រគល់ដល់ដៃប្រជាពលរដ្ឋ និងអ្នកដែលរងប៉ះពាល់ ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល៕
ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល






