ទស្សនៈ ៖ Covid-19 វាជាវិញ្ញាសាសកលមួយ សម្រាប់វាស់ស្ទង់កម្រិតឈ្លាស វៃរបស់អ្នកនយោបាយ និងអ្នកដឹកនាំប្រទេស
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ -- ចាប់តាំងពីផ្ទុះករណីមេរោគកូវីដ១៩ (Covid-19) មក ពិភពលោកសុទ្ធតែរងផលប៉ៈពាល់ទាំងសេដ្ឋកិច្ច និងសុខភាពសាធារណៈ មិនថាប្រទេសតូច ប្រទេសធំ ប្រទេសអ្នកមាន ប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿននោះទេ។
ក្នុងរយៈពេលនៃការឆ្លងកូវីដ១៩ មកដល់ពេលនេៈមានរយៈជាងកន្លះឆ្នាំហើយ កូវីដ១៩នៅតែវិញ្ញាសាដ៏តឹងរឹង និងប្រឈមគ្រោះថ្នាក់របស់ពិភពលោក គ្រាន់តែប្រទេសខ្លះរងគ្រោះច្រើន និងប្រទេសខ្លះរងគ្រោះតិច។
តើមូលហេតុអ្វីបានជាមេរោគកូវីដ១៩ អាចបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ច និងសុខភាពសាធារណៈធ្ងន់ធ្ងរ ទោះប្រទេសនោះខ្លាំងខាងផ្នែកវេជ្ជសាស្រ្ត ?
បើយើងពិនិត្យអំពីស្ថានភាពរបស់ប្រទេសនានាលើពិភពលោកក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ និងអាចគ្រប់គ្រងបាន មិនសំខាន់ទៅលើប្រទេសអ្នកមាន ឬប្រទេសខ្លាំងខាងវេជ្ជសាស្រ្តនោះទេ គឺសំខាន់ទៅលើវិធានការទាន់ពេលវេលា និងការគ្រប់គ្រងរបស់មេដឹកនាំប្រទេសបានល្អ។ យើងអាចនិយាយបានថា កូវីដ១៩ គឺជាវិញ្ញាសាដែលបានកំពុងធ្វើតេស្តសមត្ថភាពរបស់មេដឹកនាំ ។
ប្រទេសធំៗ ជាប្រទេសអ្នកមាន និងពូកែលើផ្នែកវេជ្ជសាស្រ្ត បែរជាមានពលរដ្ឋឆ្លងច្រើន និងស្លាប់ដោយសារកូវីដ១៩ច្រើនរហូតដល់ប្រទេសខ្លះពលរដ្ឋស្លាប់ក្នុងប្រទេសខ្លួនដល់ជិត៦០ម៉ឺននាក់ ករណីឆ្លងជាង១លាននាក់។
សំរាប់កម្ពុជាយើងវិញមិនមានករណីស្លាប់ដោយសារកូវីដ១៩ទេ ហើយករណីឆ្លងក៏អាចទប់ស្កាត់មិនឱ្យឆ្លងចូលសហគមន៍ មានតែករណីនាំចូលតែប៉ុណ្ណោះ។
ការទប់ស្កាត់ការចម្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសបានល្អប្រសើរនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង មានចំនុចខ្លាំងចំនួន៤ សំខាន់ៗ គឺ ៖
១-ការដឹកនាំខ្លាំង ដោយភាពប៉ិនប្រសព្វ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងការសហការសម្របស្រួលអនុវត្តដោយយកចិត្តទុកដាក់របស់ខាងក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាល ក្រុមគ្រូពេទ្យទាំងអស់ និងការចូលរួមពីស្ថាប័ន ក្រសួងនានា អាជ្ញាធរថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនេះជាបែបជ្រើសរើសដ៏ត្រឹមត្រូវ យកការអនុវត្តតាមបែបហៅថា "រដ្ឋាភិបាលទាំងមូល សង្គមទាំងមូល" របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា មានផែនការមេ មានគណៈកម្មការជាតិ (ដឹកនាំដោយសម្តេចតេជោផ្ទាល់) គណៈកម្មការអន្តរក្រសួង (ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល) គណៈកម្មការខេត្ត (ដឹកនាំដោយឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត) ក្រុមការងារតាមបណ្តាស្ថាប័ន-ក្រសួងនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
២-ការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការវិនិយោគតាំងពីដើមរៀងមកក្នុងវិស័យសុខាភិបាល បានកសាងឱ្យមានប្រព័ន្ធសុខាភិបាលសាធារណៈប្រកបដោយប្រសិទ្ធិភាព ដែលកម្ពុជាបានចល័តក្រុមឆ្លើយតបបន្ទាន់ (RRT) បានយ៉ាងសកម្ម រហ័ស រុករកករណីឈឺ និងសង្ស័យ ធ្វើការស្វែងរកអ្នកប៉ះពាល់ ជាដើម។ ទន្ទឹមនឹងនោះ ប្រព័ន្ធតាមដានជំងឺឆ្លងជាច្រើន ត្រូវបានប្រើប្រាស់ និងពង្រីកបន្ថែម ដូចជាប្រព័ន្ធ ហៅចូលទាន់ហេតុការណ៍ Hotline ១១៥ ជាមួយនឹងប្រព័ន្ធតាមដានព្រឹត្តិការណ៍ជាក់ស្តែង និងការតាមដានអ្នកជំងឺបែបផ្តាសាយ និងរលាកផ្លូវដង្ហើម (ILI/SARI) ជាដើម។ មន្ទីរពិសោធន៍វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានសមត្ថភាពក្នុងការធ្វើតេស្ត រកវីរុសកូវីដ-១៩។
៣-ការទំនាក់ទំនង និងការចូលរួមរបស់សហគមន៍ ជាកត្តាចាំបាច់មិនអាចខ្វះបាន និងត្រូវបានជម្រុញអនុវត្ត បានយ៉ាងសកម្ម មានការគាំទ្រពេញទំហឹង និងណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយក្រសួងសុខាភិបាល បានផ្សព្វផ្សាយ និងចែកចាយព័ត៌មានតាមរយៈប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក តាមទូរទស្សន៍ ធ្វើសន្និសីទសារព័ត៌មានជាប់ជាប្រចាំ និងតាមបណ្តាញផ្សព្វផ្សាយសង្គមនានា ព្រមទាំងបោះពុម្ពចែកចាយសារអប់រំសុខភាពទូទាំងប្រទេស បែបជាក្រដាសផ្នត់ ផ្ទាំងរូបធំ វីដេអូឃ្លីប និងបទចម្រៀងអប់រំ។
៤-អ្វីដែលជាចំណុចខ្លាំងមួយដែរនោះ គឺការសាមគ្គីភាពគ្នា និងគុណធម៌ ប្រកបដោយកិច្ចសហប្រតិបត្តិការអន្តរជាតិជាសាកល ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាន់យកជាពិសេស ជាក់ស្តែងការសម្រេចចិត្តឱ្យនាវា MS Westerdam ផ្ទុកអ្នកដំណើររាប់ពាន់នាក់ បានចូលសំចតនៅកម្ពុជានៅពេលដែលមានកាខ្វះខាតស្បៀងអាហារ ប្រេងចាក់សម្រាប់នាវា និងតម្រូវការផ្សេងៗរបស់អ្នកដំណើរលើនាវា ដោយបានអនុវត្តយ៉ាងល្អប្រសើរនូវគោលការណ៍ "បេះដូងមនុស្សធម៌ សង្គ្រោះអាយុជីវិតមនុស្ស" និងការគោរពសិទ្ធិរស់រានមានជីវិត ពិតប្រាកដ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ វណ្ណៈ ឬសាសនា អ្វីទាំងអស់ ខណៈដែលបណ្តាប្រទេសជាច្រើនបានបដិសេដមិនឱ្យចូលចត។
កិច្ចសហការបច្ចេកទេសដោយតម្លាភាព ជាមួយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងអង្គការដៃគូផ្សេងៗទៀត បានអនុញ្ញាតឱ្យចូលរួមក្នុងការតាមដាន រុករក និងឆ្លើយតបបន្ទាន់។ ទន្ទឹមនឹងនោះ មានការគាំទ្រពីដៃគូទ្វេភាគី និងពហុភាគី ពីបណ្តាប្រទេសមួយចំនួន និងវិស័យឯកជនជាច្រើនលើការផ្តល់ជំនួយបច្ចេកទេស និងថវិកា សម្រាប់កិច្ចការប្រយុទ្ធនឹងជំងឺកូវីដ១៩ ផងដែរ។ ការចូលរួមប្រជុំបានជាទៀងទាត់ ដើម្បីការចែករំលែកបទពិសោធន៌ និងមេរៀនលើការធ្វើអន្តរាគមន៍ឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ១៩ របស់កម្ពុជា នៅលើឆាកអន្តរជាតិ ។
ការចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នេៈហើយ បានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជាយើងមិនមែនសង្រ្គោះតែពលរដ្ឋខ្លួនឯងនោះទេ ថែមទាំងចែករំលែកបទពិសោធន៍ទៅបណ្តាប្រទេសនានា ក្នុងបរិការណ៍សកលភាវូបនីយម្ម និងសមារណកម្មតំបន់ ដោយសម្តេចយល់ថា ការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ព្រោះភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺនេះ ទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។
សមត្ថភាព និងការគិតគូរច្បាស់លាស់ប្រកបដោយគុណធម៌របស់ថ្នាក់ដឹកនាំកម្ពុជាមិនត្រឹមតែជួយសង្រ្គោះជីវិតប្រជាជនងាយរងគ្រោះដោយសារកូវីដ១៩ឱ្យជាសះស្បើយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដោយបញ្ចេញកញ្ចប់ថវិកាដើម្បីបើកជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលបានសម្រេចបង្កើត និងដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយសង្គមថ្មីមួយ ដែលជាកម្មវិធីជំនួយសង្គមពិសេស សំដៅជួយដល់ជនក្រីក្រដែលមានប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) នោះគឺ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩» ។ គោលបំណងធំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវកម្មវិធីនេះ គឺជួយសម្រួលដល់ជីវភាព របស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដោយរួមបញ្ចូលផងដែរ នូវអ្នកបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនចុះទៅក្នុងភាពទីទ័លក្រឡើងវិញ ។ ការដាក់ចេញនូវកម្មវិធី នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបើ «ហ៊ាននិយាយ គឺហ៊ានធ្វើ» ហើយធ្វើដោយម៉ត់ចត់ ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត ។
តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ ដែលការឧបត្ថម្ភត្រូវបានផ្តល់ជូននៅតាមទីកន្លែង ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ទៅតាមកម្រិតនៃប័ណ្ណសមធម៌នីមួយៗ ទៅតាមភាពងាយរងគ្រោះ និងទៅតាមតំបន់
ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ១០០ ប៊ីលានរៀល (ឬប្រមាណ ២៥ លានដុល្លារ) ក្នុងមួយខែៗសម្រាប់ការបើកផ្តល់នេះ។
គោលនយោបាយផ្តល់ជាប្រាក់ឧបត្ថមនេះប្រទេសខ្លះមិនអាចធ្វើបានឡើងព្រោះមិនមានលទ្ធភាពដោយខ្វះសាច់ប្រាក់។
សរុបសេចក្តីមក ប្រជាជនកម្ពុជាយើងពិតជាមានសំណាងណាស់ ដែលមានថ្នាក់ដឹកនាំប្រកបដោយការទទួលខុសត្រូវចំពោះប្រជាជន ជាពិសេសសមត្ថភាពក្នុងការប្រយុទ្ធ និងទប់ស្កាត់នឹងវិញ្ញាសាមេរោគកូវីដ១៩ អាចនិយាយបានថា ថ្នាក់ដឹកនាំកម្ពុជាយើងធ្លាប់ឆ្លងកាត់សង្រ្គោះ និងស្តារជាតិតាំងពីបាតដៃទទេចេញពីសង្រ្គាម ដូច្នេះហើយមានបទពិសោធន៍ខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់មេរោគកូវីដ១៩ យើងជាប្រជាជនត្រូវគោរពតាមគោលការណ៍អនាម័យលាងដៃសម្អាតជាប្រចាំ ពាក់ម៉ាស់ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដោយ ជា ច័ន្ទបរិបូរណ៌
រដ្ឋលេខាធិការក្រសួងព័ត៌មាន






