ក្លិបកីឡាវូស៊ូក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍កីឡាវូស៊ូ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨
AKP ភ្នំពេញ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ -- ក្លិបកីឡាវូស៊ូក្រសួងមហាផ្ទៃ បានឈរនៅចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយច្រើនជាង គេពីព្រឹត្តិការណ៍កីឡាវូស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ នៅវិមានកីឡដ្ឋាន ជាតិ ដែលបានប្រកាសបិទ កាលពីល្ងាចថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីគណៈកម្មការ បច្ចេកទេសរក ឃើញម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសាទាំងអស់រួចរាល់ហើយនោះ។

អគ្គលេខាធិការ សហព័ន្ធកីឡាវូស៊ូកម្ពុជា លោក ម៉ៅ ចន្ថាវុធ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាវូស៊ូ ជើងឯកថ្នាក់ជាតិឆ្នាំនេះ ស្រូបបានកីឡាករ ១០៣នាក់ និងកីឡាការិនី ៨៦នាក់ សរុប១៨៩នាក់ មកពី១៦ក្លិប ដែលស្ថិតនៅរាជធានីភ្នំពេញទាំងអស់។ បន្ទាប់ពី ដំណើរការប្រកួតអស់រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែធ្នូ កន្លងមកនេះ លោក អគ្គលេខាធិការរូបនេះបានបង្ហាញឱ្យឃើញនូវគុណភាពកីឡាករ កីឡាការិនី មានកម្រិត បច្ចេកទេសកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ ក្នុងចំណោមក្លិបកីឡាវូស៊ូដែលចូលរួមទាំង១៦នោះ គឺចំណាត់ថ្នាក់លេខ១ បានទៅលើក្លិបក្រសួងមហាផ្ទៃ ដោយដណ្តើមបានមេដាយ សរុបចំនួន៣៣ ក្នុងនោះមេដាយមាស១៤ ប្រាក់៧ និងសំរឹទ្ធិ១២ ខណៈចំណាត់ថ្នាក់លេខ២ ក្លិបវិទ្យាល័យបាក់ទូក ឈ្នះមេដាយសរុប១៣ ក្នុងនោះមេដាយមាស៨ និងសំរឹទ្ធិ៥ និង ចំណាត់ថ្នាក់លេខ៣ បានទៅលើក្លិបសាលាទួនហ្វា មេដាយសរុប១៤ ក្នុងនោះមេដាយ មាស២ ប្រាក់៨ និងសំរឹទ្ធិ៤។

លោក មិល កាដូ អគ្គនាយករង អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានចាត់ទុកថា ឆ្នាំនេះ ជើងឯកជាតិកីឡាវូស៊ូទាក់ទាញបានការគាំទ្រកាន់តែខ្លាំងក្លា ដែលនេះ គឺជាវឌ្ឍនភាពថ្មីមួយក្នុងដំណើរ នៃការអភិវឌ្ឍវិស័យកីឡាវូស៊ូនៅកម្ពុជាកាន់តែល្អប្រសើរ។ លោកលើកឡើងទៀតថា ការប្រកួតនេះថ្វីត្បិតតែមាន រយៈពេលខ្លី ប៉ុន្តែឆ្លងកាត់តាមការខិតខំ របស់មន្ត្រីគណៈកម្មការ ក្លិប ក៏ដូចជាកីឡាករ កីឡាការិនីបានធ្វើឱ្យព្រឹត្តិការណ៍មួយនេះ ទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ៕


ដោយ ហេង ណាលីន






