បទវិភាគនយោបាយ ៖ស្ថានភាព នៃការពង្រឹងនីតិរដ្ឋ និងការគោរពច្បាប់

AKP ភ្នំពេញថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១២—

ដោយ រាជ្យ សុវណ្ណនគរ

នៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសក្នុងនាមជាប្រធានអាស៊ាន កំពុងមមាញឹកក្នុងការរៀបចំ កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ និង កិច្ចប្រជុំពាក់ព័ន្ធដទៃ ទៀត ដោយរួមទាំងវេទិការធុរកិច្ចអាស៊ានដ៏មានសារសំខាន់ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ ប្រទេសមហាអំណាច និងតំបន់នៅជុំវិញពិភពលោក ជាពិសេសអ្នកជំនួញរាប់ពាន់នាក់ ដើម្បី ស្វែងរកកាលានុវត្តភាពនៃការវិនិយោគ និងកិច្ចការធុរកិច្ចរបស់ពួកគេនៅកម្ពុជា។

ស្របពេលដែលព្រឹត្តិការណ៍ទាំងនេះ បាន និងកំពុងប្រព្រឹត្តទៅ មានមតិមួយចំនួន បានសម្តែងការព្រួយបារម្ភជ្រុល តាមទស្សនៈ ទុទិដ្ឋិនិយមទាក់ទិននឹងស្ថានភាពការគោរពច្បាប់ និង នីតិរដ្ឋនៅកម្ពុជា។ តើអ្នកទាំងនោះ មានដែលសួរខ្លួនឯងទេថា បើសិន ជាស្ថានភាពនៃការគោរពច្បាប់ និងនីតិរដ្ឋនៅកម្ពុជា ស្ថិតក្នុងស្ថានភាពដូចការយល់ឃើញនោះ ហេតុអ្វីបានជាវិនិយោគគិន និងធុរៈជនបានបន្តសម្រុកចូលមកកម្ពុជា? ដើម្បីឆ្លើយតបទៅនឹងសំណួរនេះ អ្នកវិភាគទាំងនេះ ត្រូវសិក្សាឲ្យបានច្បាស់អំពី គោលការណ៍ និង ស្ថានភាពជាក់ស្តែងនៃនីតិរដ្ឋ និងកត្តាពាក់ព័ន្ធរួមចំណែកដទៃទៀតដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានដូចខាងក្រោមនេះ ៖

១.ការរៀបចំច្បាប់ និងបទដ្ឋានគតិយុត្តនានា ត្រូវបានរៀបចំឡើងដោយឈរលើនីត្យានុកូលភាព និងធម្មានុរូបភាព ដែលរហូត មកដល់ពេលនេះ យើងកសាងបានច្បាប់ជាង ៤០០ ច្បាប់ ដោយរួមទាំងច្បាប់គ្រឹះមួយចំនួន ដូចជា ក្រមព្រហ្មទណ្ឌ និងក្រម នីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី និង ជាពិសេសច្បាប់ពាក់ព័ន្ធនឹងកិច្ចការជំនួញ ស្របតាម គោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក ដោយមិនរាប់បញ្ជូលនូវបទដ្ឋានគតិយុត្តរាប់ពាន់ដទៃទៀត។

២.ការផ្សព្វផ្សាយ  និងការអនុវត្តច្បាប់ បានធ្វើឡើងយ៉ាងទូលំទូលាយ តាមគ្រប់មធ្យោបាយដែលមាន ជាពិសេសមាន ការចូល រួមយ៉ាងសកម្មពីអង្គការសង្គមស៊ីវិល ដូចជាច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ ច្បាប់ប្រឆាំងការជួញដូរមនុស្ស គ្រឿងញៀន ច្បាប់ ប្រឆាំងអំពើពុករលួយ ។ល។ ៣.ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយមិនប្រកាន់បក្សពួក ពណ៌សម្បុរ ជាតិសាសន៍ ឬ សាសនា អ្វីទាំងអស់ ស្ថិតនៅក្រោមច្បាប់ ដោយគ្មានការលើកលែងឡើយ ៤.មន្ត្រីអនុវត្តច្បាប់ និងមន្ត្រីដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ ត្រូវបានកសាង និងអភិវឌ្ឍសមត្ថភាព ដូចជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មេធាវី សាការី អាជ្ញាសាលា នគបាលយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធដទៃទៀត រាប់ពាន់នាក់តាមរយៈសាលាបណ្តុះបណ្តាល (រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ….) ៥.ស្ថាប័នរដ្ឋ និងរដ្ឋបាលសាធារណៈគ្រប់ប្រភេទ និងគ្រប់ជាន់ថ្នាក់រហូតដល់មូលដ្ឋាន ត្រូវបានកែលំអរ និងអភិវឌ្ឍសមត្ថភាព ដើម្បីឆ្លើយ តបដល់ការផ្តល់សេវាយុត្តិធម៌ និងសេវាសាធារណៈដទៃទៀត ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

តើលក្ខខណ្ឌទាំងអស់គ្រប់គ្រាន់សម្រាប់ធ្វើឲ្យស្ថានភាពនីតិរដ្ឋបានល្អប្រសើរបានទេ បើប្រទេសជាតិ គ្មានសន្តិភាព ស្ថេរភាព នយោបាយ គ្មានសន្តិសុខសុវត្ថិភាព និងគ្មានសណ្តាប់ធ្នាប់សង្គម? ម្យ៉ាងវិញទៀត បើសិនជាកម្រិតយល់ដឹង (ការសិក្សា) សុខភាពសាធារណៈ ភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅមានកម្រិត និង ជាពិសេសទំហំសេដ្ឋកិច្ចរបស់យើង មានតែក្នុងរង្វង់ ជាង១៣ ពាន់លានដុល្លារអាមេរិក និងថវិកាជាតិប្រចាំឆ្នាំ២០១២ មានតែក្នុងរង្វង់ ២៥០០ លានដុល្លារអាមេរិក ប៉ុណ្ណោះ។

តើយើងអាចធ្វើអ្វីលើសពីសមត្ថភាព និង ធនធានរបស់យើងដែលមានបានទេ? ពីព្រោះថា បើចង់បាននីតិរដ្ឋកាន់តែ ប្រសើរ ជាងនេះ គឺមានន័យថា យើងត្រូវការថវិកាច្រើនបន្ថែមទៀត និងពេលវេលាសមស្រប។

បើដូច្នេះ តើយើងអាចធ្វើតាមការស្រមើស្រមៃ និងការលោតផ្លោះមហាអស្ចារ្យបានទេ?។ សព្វថ្ងៃនេះ រាជរដ្ឋាភិបាលក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងលើកកម្ពស់វប្បធម៌នៃការគោរពច្បាប់ នីតិរដ្ឋ តាម គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និង ផែនការសកម្មភាពនានា ដោយគ្មានការរើសអើង និងដោយគ្មានការលើកលែង ដូចជាការប្រឆាំងអំពើពុករលួយ ការប្រឆាំងគ្រឿងញៀន ដែលជាសាក្សីស្រាប់។

ក៏ប៉ុន្តែផ្ទុយទៅវិញ មានតែក្រុមសង្គមស៊ីវិល អ្នកវិភាគ និង អ្នកប្រឆាំងជ្រុលនិយមតិចតួចប៉ុណ្ណោះ ដែលព្យាយាមបន្ទុចបង្អាក់ និងធ្វើឲ្យស្ថានភាពនៃការអនុវត្តច្បាប់ និង ការលើកម្ពស់នីតិរដ្ឋនៅកម្ពុជាឲ្យកាន់តែអាក្រក់ ដូចជាការប្រែក្លាយ ស្ថានភាព ទណ្ឌិតឧក្រិដ្ឋ មកជារឿងនយោបាយ (ករណីរបស់លោក សម រង្ស៊ី) , ការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងអង្គការ សមាគម ជាដើម ដែលសូម្បីតែប្រទេសបិតា ប្រជា ធិបតេយ្យ ក៏គេត្រូវមានច្បាប់នេះដែរ។ ជាការពិតហើយ អ្វីដែលជាសមិទ្ធផលរបស់រាជ រដ្ឋាភិបាល មិនដែលត្រូវចិត្ត របស់ ពួកអនាធិបតេយ្យឡើយ ក៏ប៉ុន្តែពួកអនាធិបតេយ្យដែលខិតបំពេញចិត្តប្រជាពលរដ្ឋទូទៅនោះ បែជាប្រជាពលរដ្ឋមិនគាំទ្រ ពីព្រោះជាអំពើខុសច្បាប់ ខុសពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដូចជាសំដីមួយឃ្លាររបស់លោក មហាត្មៈគន្ធី បិតាសន្តិភាពរបស់ប្រទេស ឥណ្ឌា បានលើកឡើងថា “អ្នកដែលចង់បំពេញចិត្តអ្នកទាំងអស់គ្នា នឹងមិនបំពេញចិត្តអ្នក ណាម្នាក់ ឡើយ-He who wants to please all, will please none”។

(អត្ថបទខាងលើនេះ ជាទស្សនផ្ទាល់របស់អ្នកនិពន្ធ ពុំបានឆ្លុះបញ្ចាំងអំពីទស្សនរបស់ រាជរដ្ឋាភិបាលឡើយ)

    Download PDF

Comments are closed.