គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦ ត្រូវធ្វើចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ --គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប ) បានឱ្យដឹងថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦ ត្រូវធ្វើចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ ហើយចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៦ខែមិថុនាឆ្នាំ២០២៧ នៅគ្រប់ឃុំ សង្កាត់ទាំង ១ ៦៥២ ទូទាំងប្រទេស។
បើតាមសេចក្ដីប្រកាសព័មានរបស់ គ ជ ប បានឱ្យដឹងថា យោងតាមអនុក្រឹត្យលេខ១០៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ចំនួនសមាជិកក្រុមប្រឹក្សា តាមឃុំសង្កាត់នីមួយៗសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦នៅតាមរាជធានីខេត្តមានចំនួន ៥រូប ៧រូប ៩រូប ឬ ១១រូប ផ្អែកតាមកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្រជាក់ស្ដែង ហើយចំនួនសរុបនៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសសម្រាប់អាណត្តិទី៦មានចំនួន ១១ ៦២២រូប ដូចអាណត្តិទី៥ដែរ។ ដូចនេះ សូមប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងគិតដល់ថ្ងៃបោះឆ្នោត (គឺអ្នកដែលកើតមុនឬត្រឹមថ្ងៃទី៧ខែមិថុនាឆ្នាំ២០០៩) ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មី រួមទាំងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ហើយមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់ឈ្មោះភេទថ្ងៃខែឆ្នាំកំណើតឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) ឬប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ឬឆ្នាំ២០១៧ ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ។
សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត កែតម្រូវ ឬធ្វើបច្ចុប្បន្នភាពជាមួយក្រុមចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំសង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ដែលបងប្អូនកំពុងរស់នៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ៕

ដោយ៖ ជឹម ណារី





