ឯកឧត្តម នួន ផារ័ត្នឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទិ៤
AKP កំពង់ធំ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះបានរៀបចំពិធីសំណេះសំណាល ប្រគល់ និងទទួលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំផ្ដល់ជូនកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការល្អជាមួយកងកម្លាំងចម្រុះ រួមជាមួយអាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទប៉ៈ។

ជាក់ស្ដែងដីព្រៃលិចទឹក នៅក្នុងតំបន់ ៣ ស្ថិតនៅក្នុងតំបន់វាលក្រោម ជាប់មាត់បឹងទន្លេសាប កន្លងទៅនេះត្រូវបានកងកម្លាំងចម្រុះ រួមជាមួយអាជ្ញាធរដែនដីការពារ ទប់ស្កាត់ និងបង្ក្រាបបាន មិនឱ្យមានការកាប់ទន្ទ្រានជាថ្មី ហើយបច្ចុប្បន្នអាជ្ញាធរដែនដី និងស្ថាប័នជំនាញកំពុងគ្រប់គ្រងបានទាំងស្រុង។ ជាមួយនេះដែរ នៅតំបន់ប៉ែកខាងលេីបានការពារ ទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ។ ដោយឡែក កងកម្លាំងចម្រុះនិងស្ថាប័នជំនាញពាក់ព័ន្ធ មួយផ្នែកទៀតក៏បានយកចិត្តទុកដាក់ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពិសេសនៅក្នុងតំបន់បឹងទន្លេសាប ទទួលបានលទ្ធផលល្អ ដែលមជ្ឈដ្ឋានទូទៅមានការកោតសរសើរដោយទិន្នផលត្រីត្រូវបានសម្បូរឡើងវិញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចចាំបាច់មួយចំនួនទៀត ក្រៅពីការងារការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសក្នុងភារកិច្ចការពារបបូរណភាពទឹកដី។

នៅក្នុងឱកាសនេះឧត្ដមសេនីយ៍សោម ស៊ុន ក៍បានប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់ឯកឧត្តមនួន ផារ័ត្ន អអភិបាលខេត្តកំពង់ធំរួមមានអង្ករចំនួន ៥តោន មីគ្រប់ប្រភេទចំនួន ៥០កេស ទឹកពិសារបរិសុទ្ធចំនួន ៥០កេស និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចឱ្យទទួលបានជោគជ័យបន្ថែមទៀត៕
ដោយ ស៊ុម វណ្ណា





