មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម៖ព្រៃលិចទឹកផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ដល់ជម្រកសត្វគ្រប់ប្រភេទ ,បង្កើនជីវចម្រុះ និងសេដ្ឋកិច្ចប្រជាពលរដ្ឋ
AKPភ្នំពេញថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០២៦– ក្នុងការចូលរួមដាំកូនឈើព្រៃលិចទឹកនៅចំណុចចុងអូរតារ៉ែន ជ្រោយធំ ចុងព្រែកតាមេម ដែលជាទីកន្លែងអភិរក្ស អតីតឡូត៍លេខ២ ព្រែកខ្សាច់ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មន្រ្តីជាន់ខ្ពស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបង្ហាញពីអត្ថប្រយោជន៍ជាច្រើន ពីព្រៃលិចទឹក ដែលជាជម្រកសត្វគ្រប់ប្រភេទ បង្កើនជីវចម្រុះ និងសេដ្ឋកិច្ចប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវរួមគ្នាការពារ។


ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីអត្ថប្រយោជន៍នៃព្រៃលិចទឹកបឹងទន្លេសាបរួមមានដូចជា៖ ទី១.ជាជម្រកត្រីពងកូននិងការពារខ្លួន ទី២.ការពារការបាក់ដីនិងច្រោះដីដោយសារទឹកហូរ ទី៣.ជួយរក្សាគុណសភាពទឹក ស្រូបយកសារធាតុពុលក្នុងទឹកសម្រាប់ជីវចម្រុះ ទី៤.បង្កើនជីវចម្រុះនិងប្រព័ន្ធអេកូឡូស៊ី ដែលជាជម្រកសត្វស្ទើរគ្រប់ប្រភេទ ទី៥.ជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត និងបញ្ចេញអុកស៊ីសែន ទី៦.គាំទ្រជីវភាពប្រជាពលរដ្ឋតាមរយ:បង្កើនផលនេសាទ ចំណូលសហគមន៍ ជួយអភិវឌ្ឍភ្ញៀវទេសចរណ៍និងបង្កើការងារ បង្កើនជីវភាព និងទី៧.រួមចំណែកអភិរក្សបឹងទន្លេសាបប្រកបដោយចីរភាព ប្រព័ន្ធអេកូឡូស៊ី ធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថាក្នុងពិធីដាំកូនឈើព្រៃលិចទឹកនេះមានចំនួន ១៤០០ដើម ក្នុងនេះជាប្រភេទដើមរាំង ផ្ទោល ច្រកែង ដើម្បីធ្វើជាទីជម្រកសម្រាប់ត្រីពងកូន៕
ដោយ៖ មករា





