អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរំដោះទឹក នៅស្រុកពញាឮ
AKP កណ្តាល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦–ដើម្បីពិនិត្យ និងដោះស្រាយផលប៉ះពាល់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ព្រមទាំងធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងសមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងរំដោះទឹក ដែលកំពុងជន់លិចក្នុងភូមិសាស្ត្រ ឃុំឈ្វាំង ឃុំភ្នំបាត និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ក្នុងការចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចាត់វិធានការជាបន្ទាន់ ដោយផ្តោតលើការកាយស្តារ និងបើកមុខទឹកនៅតាមចំណុចសំខាន់ៗ ដើម្បីសម្រួលដល់លំហូរទឹក និងរំដោះទឹកចេញពីតំបន់ដែលរងផលប៉ះពាល់ឱ្យបានឆាប់រហ័ស។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ស្ថានភាពជំនន់នៅតំបន់ខាងលើ បណ្តាលមកពីបរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើនក្នុងរយៈពេលកន្លងមក តែទោះជាយ៉ាងនេះក៏ដោយប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែម ស្ថានភាពទឹកនឹងអាចស្រកចុះក្នុងពេលឆាប់ៗខាងមុខ ជាពិសេសនៅពេលដែលរដ្ឋបាលខេត្ត និងក្រុមការងារ បាននិងកំពុងបន្តជំរុញការកាយស្តារ និងបើកមុខទឹក ដើម្បីពន្លឿនលំហូរទឹកចេញពីតំបន់រងគ្រោះ។ អាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជាប្រចាំ និងត្រៀមលក្ខណៈអន្តរាគមន៍គ្រប់ពេលវេលា ក្នុងករណីមានការកើនឡើងនៃកម្រិតទឹក ឬមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសយកចិត្តដាក់ខ្ពស់ទៅលើការងាររំដោះទឹក និងត្រូវរៀបចំត្រៀមកម្លាំងដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងករណីចាំបាច់ណាមួយ។


ទន្ទឹមនឹងការដោះស្រាយបញ្ហាជំនន់ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យដែលអាចកើតមានពីទឹកជំនន់ ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះកុមារ និងមនុស្សចាស់ មិនត្រូវអនុញ្ញាតឱ្យកុមារលេងទឹកដោយគ្មានការមើលថែពីមនុស្សធំ ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន។ លើសពីនេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើអនាម័យ និងសុខភាព ដោយប្រើប្រាស់ទឹកស្អាត ផឹកស្អាត ហូបស្អាត និងរក្សាបរិស្ថានជុំវិញលំនៅឋានឱ្យបានស្អាត ដើម្បីបង្ការការឆ្លងជំងឺផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលមានទឹកជំនន់។ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាល ឱ្យត្រៀមលក្ខណៈជានិច្ច ដើម្បីចុះអន្តរាគមន៍ សង្គ្រោះ និងផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋនៅពេលមានតម្រូវការ។ ចំពោះកម្លាំងសមត្ថកិច្ច និងកម្លាំងពាក់ព័ន្ធ ត្រូវត្រៀមកម្លាំងសង្គ្រោះ កម្លាំងគាំទ្រ និងសម្រួលចរាចរណ៍នៅតាមតំបន់ដែលរងផលប៉ះពាល់ ដើម្បីធានាសុវត្ថិភាព និងអាចឆ្លើយតបបានទាន់ពេលវេលា។
ជាមួយនឹងការចុះពិនិត្យ និងដាក់ចេញវិធានការជាក់ស្តែងនេះ រដ្ឋបាលខេត្តកណ្តាល នឹងបន្តតាមដានស្ថានភាពជំនន់យ៉ាងយកចិត្តទុកដាក់ ព្រមទាំងជំរុញការរំដោះទឹក និងត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់រងគ្រោះឱ្យបានល្អប្រសើរ។ នាឱកាសនោះ ដែលអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបញ្ហា ឬត្រូវការជំនួយបន្ទាន់ក្នុងអំឡុងពេលជំនន់ អាចទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋាននៅក្បែរខ្លួន ដើម្បីទទួលបានការសម្របសម្រួល និងជួយសង្គ្រោះបានទាន់ពេលវេលា។

លោក អ៊ូច សៅវឿន អភិបាលស្រុកពញាឮ បានឱ្យដឹងថា ឃុំចំនួន ៣ ដែលបានផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះគឺ ឃុំជ្រៃលាស់ មាន ភូមិស្លែង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៧៣ខ្នងផ្ទះ ស្មើនឹង ៧៣គ្រួសារ ភូមិតាពេទ្យ ប៉ះពាល់ ១០៥ខ្នងផ្ទះ ស្មើនឹង ១០៥គ្រួសារ ភូមិទួលព្រិច ប៉ះពាល់ ១ខ្នងផ្ទះ ស្មើនឹង ១គ្រួសារ ភូមិត្រពាំងវាល ប៉ះពាល់ ១ខ្នងផ្ទះ ស្មើនឹង ១គ្រួសារ ឃុំភ្នំបាត មានភូមិថ្លុកអង្ក្រង ប៉ះពាល់ ១ខ្នងផ្ទះ ស្មើនឹង ១គ្រួសារ ឃុំឃ្លាំង មានភូមិតាអោក ប៉ះពាល់ ១ខ្នងផ្ទះ ស្មើនឹង ១គ្រួសារ ភូមិព្រៃផ្ចិត ប៉ះពាល់ ៣ខ្នងផ្ទះ ស្មើនឹង ៣គ្រួសារ និងភូមិស្លែងមានជ័យ ប៉ះពាល់ ២ខ្នងផ្ទះ ស្មើនឹង ២គ្រួសារ ។ ចំពោះផលប៉ះពាល់ដំណាំស្រូវ សម្រាប់ឃុំជ្រៃលាស់ ប៉ះពាល់ ២៥,៦២ហិកតា ស្មើនឹង៥៩គ្រួសារ ។ ឃុំភ្នំបាត ប៉ះពាល់ ១៧,៨៧ហិកតា ស្មើនឹង ៣០គ្រួសារ ។ ឃុំឈ្វាំង ប៉ះពាល់ ៣៩ហិកតា ស្មើនឹង ៩៧គ្រួសារ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





