អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពនៃការរៀបចំ វេទិកាអុំទូក សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធ ជុំវិញមាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក
AKP តាកែវថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៦---
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយលោកអភិបាលរងខេត្ត ប្រធាន អនុប្រ ធានមន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពនៃការរៀបចំវេទិកាអុំទូក សួនច្បារ និងហេដ្ឋារ ចនាសម្ព័ន្ធ ជុំវិញតំបន់មាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខ។ ការចុះពិនិត្យដោយផ្ទាល់នេះ ធ្វើឡើងនៅក្នុងបរិវេណជុំវិញមាត់បឹងតាកែវ ស្ថិតនៅក្នុងសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ កាលពីព្រឹកថ្ងៃសុក្រ១២កើតខែអស្សុជឆ្នាំមមីអដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៣ខែតុលាឆ្នាំ២០២៦។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបា លខេត្តតាកែវ បានថ្លែងថា ការចុះពិនិត្យដោយផ្ទាល់នាថ្ងៃនេះ គឺដើម្បីជំរុញល្បឿនការងាររៀបចំ និងកែលម្អសោភណភាពតំបន់មាត់បឹងតាកែវ ឱ្យកាន់តែមានភាពស្រស់ស្អាត មានបរិស្ថានល្អប្រសើរ ធានាបាននូវសុវត្ថិភាព សន្តិសុខ និងរបៀបរៀបរយសាធារណៈខ្ពស់។ដើម្បីត្រៀមលក្ខណៈជាស្រេចក្នុងការរៀបចំ "ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក" នាពេលខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន និងអធិកអធមបំផុត។


ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើគុណភាព នៃការកសាង ការតុបតែងភ្លើងលម្អ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ។ដើម្បីបង្កើតបរិយាកាសរីករាយ និងទាក់ទាញបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឱ្យអញ្ជើញមកកម្សាន្តសប្បាយរីករាយ នៅក្នុងខេត្តតាកែវឱ្យបានច្រើនកុះករ។

ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ផងដែរថា មាត់បឹងតាកែវគឺជាទីតាំងប្រវត្តិសាស្ត្រ និងជាបេះដូងនៃខេត្តតាកែវ ដែលតែងតែប្រារព្ធព្រឹត្តិការណ៍ប្រពៃណីជាតិ និងពិធីបុណ្យធំៗផ្សេងៗជាច្រើន ដែលមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ចូលរួមយ៉ាងច្រើនកកកុញ។ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសួនច្បារជុំវិញតំបន់នេះ មិនត្រឹមតែបម្រើឱ្យព្រះរាជពិធីបុណ្យអុំទូកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់មុខមាត់ខេត្តតាកែវ បម្រើដល់ការរស់នៅ និងការហាត់ប្រា ណ របស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃផងដែរ៕


ដោយ៖ អ៊ុច សៀង





