ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អនុញ្ញាតឱ្យតំណាងសាកលវិទ្យាល័យតេជូ នៃប្រទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP តាកែវ ថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៦--- ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានសម្ដែងការស្វាគមន៍និងអនុញ្ញាត ឱ្យក្រុមការងារសកលវិទ្យាល័យតេជូ របស់ប្រទេសកូរ៉េខាងត្បូង ដែលចុះមកសិក្សាស្វែងយល់ និងមានគោលបំណងជួយដល់វិស័យសុខាភិបាល និងកិច្ចការមនុស្សធម៌ ក្នុងការកសាងអគារសុខភាព នៅមណ្ឌលកុមារកំព្រាខេត្តតាកែវ។
អញ្ជើញចូលរួមក្នុងពិធីនោះដែរដោយ លោកអភិបាលរងខេត្តតាកែវ លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ។ពិធីនេះរៀបចំឡើង នៅសាលប្រជុំតូចរដ្ឋបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។


មានប្រសាសន៍សំណេះសំណាលក្នុងជំនួបនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា ខេត្តតាកែវមានមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព នៅតាមបណ្ដាក្រុង-ស្រុកទាំង10។ក៏ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ សម្រាប់ការថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនោះទេ។ដូច្នេះគម្រោងជួយសាងសង់អគារព្យាបាលកុមារ វានឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ដល់វិស័យសុខាភិបាល នៅក្នុងខេត្តតាកែវ។
ឯកឧត្តម វ៉ី សំណាង បានណែនាំដល់ប្រតិភូសកលវិទ្យាល័យតេជូ របស់ប្រទេសកូរ៉េខាងត្បូង ឱ្យចុះសិក្សាស្វែងយល់នៅទីតាំង មណ្ឌលកុមារកំព្រាក្នុងក្រុងដូនកែវ និងទីតាំងមន្ទីរសុខាភិបាលខេត្តតាកែវ ដែលមានផ្ទៃដីធំ។ថាតើគួរសាងសង់អគារ សម្រាប់ព្យាបាលកុមារនៅទីនេះ ឬចង់សាងសង់នៅទីតាំងផ្សេង។


នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានថ្លែងអំណរគុណនិងអរគុណ ដល់រដ្ឋាភិបាលនិងប្រជាជនប្រទេសកូរ៉េខាងត្បូង ដែលជានិច្ចកាលតែងតែជួយដល់ ការអភិវឌ្ឍប្រទេសកម្ពុជា និងជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា៕

ដោយ៖អ៊ុច សៀង





