ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំសិក្ខាសាលាពង្រឹងការអនុវត្តមុខងារផ្តល់សេវាទេសចរណ៍ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត
AKPកំពង់ធំថ្ងៃទី២៤ខែតុលាឆ្នាំ២០២៦-- ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាស្តីពី"ការពង្រឹងការអនុវត្តមុខងារផ្តល់សេវាទេសចរណ៍ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត"នៅសាលប្រជុំប្រាសាទតោនៃរដ្ឋបាលខេត្តកំពង់ធំកាលពីថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៦។
សិក្ខាសាលាក្រោមជាអធិបតីដោយឯកឧត្តម នួន សុមេធ រដ្ឋលេខាធិការនិងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការក្រសួងទេសចរណ៍ តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោកលី វ៉េត អភិបាលរងខេត្តកំពង់ធំតំណាង ឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋាន គ.ដ.វ.វ.ឯកឧត្តមបួន ហេង អអគ្គនាយករងរដ្ឋបាលនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃនិងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធ ប្រធានមន្ទីរទេសចរណ៍និងប្រធានអង្គភាពច្រកចេញចូលតែមួយមកពីរាជធានីខេត្តចំនួន១៥។

អង្គសិក្ខាសាលាមានការចូលរួមធ្វើបទបង្ហាញពីលោក-លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយ ចំនួន៩រាជធានី-ខេត្ត ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តការងារកន្លងមក បង្ហាញពីបញ្ហាប្រឈមដំណោះស្រាយ និងសំណូមពរផ្សេងៗ។


លោក លី វ៉េតបានមានប្រសាសន៍ថា សិក្ខាសាលានេះផ្តោតលើការពង្រឹងការអនុវត្តមុខងារផ្តល់សេវាទេសចរណ៍និងការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារតាមដែនសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាន។
ឯកឧត្តម នួន សុមេធ រដ្ឋលេខាធិការនិងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការក្រសួងទេសចរណ៍ បានថ្លែងថាក្រសួងទេសចរណ៍មានការទទួលខុសត្រូវក្នុងការបណ្តុះបណ្តាលមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍និងអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត ដើម្បីធានាថាមន្ត្រីពាក់ព័ន្ធមានសមត្ថភាពនិងចំណេះដឹងគ្រប់គ្រាន់ក្នុងការអនុវត្តមុខងារដែលបានប្រគល់ជូនដើម្បីឱ្យការអនុវត្តបានប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធ ភាពខ្ពស់។


ឯកឧត្តម កើត ពុទ្ធវរី បានបញ្ជាក់ថាការពង្រឹងសមត្ថភាពមន្ត្រីនិងការបែងចែកសិទ្ធិអំណាចឱ្យបានច្បាស់លាស់គឺជាផ្នែកសំខាន់នៃការជំរុញការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ក្នុងវិស័យទេសចរណ៍។ ការអនុវត្តមុខងារទាំងនេះតម្រូវឱ្យមានការសម្របសម្រួលរវាងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ រដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពច្រកចេញចូលតែមួយដើម្បីធានាឱ្យការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍មានភាពច្បាស់លាស់ ស្របតាមសមត្ថកិច្ច និងនីតិវិធីដែលបានកំណត់។
ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋាន គ.ដ.វ.វ. បានសង្កត់ធ្ងន់ថាសិក្ខាសាលានេះជាវេទិកាសម្រាប់ពង្រឹងការយល់ដឹងនិងការសម្របសម្រួលការងាររវាងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តមុខងារផ្តល់សេវាទេសចរណ៍នៅថ្នាក់ក្រោមជាតិ៕
ដោយ៖ ស៊ុម វណ្ណា





