មន្រ្ដីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំណូមពរអ្នកសម្របសម្រួលកម្មវិធីកម្សាន្តសប្បាយក្នុងពិធីបុណ្យអុំទូកតាមបណ្ដាខេត្ត ជួយបញ្ជ្រាបខ្លឹមសារអប់រំពីគ្រឿងញៀន និងកម្មវិធីទូរសព្ទដៃ NoDrug
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានសំណូមពរដល់អ្នកសម្របសម្រួលកម្មវិធីកម្សាន្តសប្បាយក្នុងឱកាស ពិធីបុណ្យអុំទូកតាមបណ្ដាខេត្តជួយបញ្ជ្រាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀន និងកម្មវិធីទូរសព្ទដៃ NoDrug ដើម្បីឱ្យប្រជាពលរដ្ឋក៏ដូចជាកីឡាអុំទូក មានការយល់ដឹងកាន់តែទូលំទូលាយទាក់ទងនឹងគ្រឿងញៀន និងការប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrug។ ការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍បែបនេះក្នុងឱកាសដែលតាមបណ្ដាខេត្តនានាមានរៀបចំកម្មវិធីបុណ្យអុំទូក បណ្ដែតប្រទីប ប្រចាំខេត្តមួយចំនួនដើម្បីកម្សាន្តសប្បាយ និងរម្លឹកអំពីប្រពៃណីដ៏ផូរផង់របស់ខ្មែរតាំងពីយូរលង់។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្លែងអំណរគុណ កោតសរសើរ ដល់គ្រប់សមាសភាពទាំងក្រសួង ស្ថាប័នក៏ ដូចជារាជធានីខេត្ត ដៃគូ វិស័យឯកជននានាដែលតែងតែចូលរួមធ្វើការផ្សព្វផ្សាយបញ្ជ្រាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍កម្មវិធីទូរសព្ទដៃ NoDrug នៅក្នុងកម្មវិធីកម្សាន្តសប្បាយនានាដែលរៀបចំដោយរាជធានី ខេត្ត ។

ជាមួយគ្នានេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបញ្ជាក់ថា៖ «កាលណាយើងនាំគ្នានិយាយឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍នៃការប្រើប្រាស់ទូរសព្ទដៃ NoDrug បានកាន់តែច្រើននោះប្រជាពលរដ្ឋ នឹងប្រើប្រាស់កម្មវិធីនេះ បានកាន់តែច្រើន ហើយទីផ្សារគ្រឿងញៀននឹងរួមតូចឈានទៅលុបបំបាត់»។ ឯកឧត្ដមឧត្ដមសេនីយ៍ឯកបានបន្ថែមថា នៅពេលការផ្សព្វផ្សាយបានទូលំទូលាយ យុវវ័យនឹងអាចចៀសផុតបានពីបញ្ហាគ្រឿងញៀន ក៏ដូចជាការប្រើប្រាស់នៅបារីអេឡិចត្រូនិកដែលនាំឱ្យប៉ះពាល់ទៅដល់សុខភាពរាងកាយ សួត និងការរីកលូតលាស់នៃខួរក្បាលបង្អាក់ដំណើរឆ្ពោះទៅភាពរុងរឿងរបស់យុវវ័យ ហើយក៏អាចក្លាយជាបន្ទុកសម្រាប់សង្គមជាតិផងដែរ។


ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានលើកឡើងនូវពាក្យស្លោកមួយចំនួនទាក់ទងនឹងគ្រឿងញៀនដែលមានខ្លឹមសាថា “ចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន” និង “រួមគ្នាអប់រំបង្ការដើម្បីឈានទៅកាត់ផ្ដាច់ឬសគល់នៃបញ្ហាគ្រឿងញៀន" រួមទាំង “ទូកទៅមុខពឹងច្រវ៉ា អនាគតយុវវ័យស្រស់ថ្លាមិនពឹងគ្រឿងញៀន”៕
ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





