អភិបាលស្រុកប្រាសាទបល្ល័ង្កណែនាំដល់រដ្ឋបាលឃុំទាំងអស់ឱ្យយកចិត្តទុកដាក់លើគម្រោងមូលនិធិឃុំ ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនិងធានាតម្លាភាព
AKP កំពង់ធំ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦--លោក គង់ សំអាត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្កបានណែនាំនិងក្រើនរំលឹកដល់ររដ្ឋបាលឃុំទាំងអស់ត្រូវបង្កើនការពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់លើការរៀបចំ និងអនុវត្តកិច្ចការងារគម្រោងមូលនិធិឃុំឱ្យស្របទៅតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងធានាឱ្យបាននូវតម្លាភាព និងគណនេយ្យភាព ដើម្បីចៀសវាងឱ្យបានដាច់ខាតនូវបញ្ហាប្រឈមឬបាតុភាពអសកម្មផ្សេងៗដែលអាចកើតមានឡើង។

លោកអភិបាលស្រុកបានរំលឹកដូចនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី ២៩ របស់ក្រុមប្រឹក្សាស្រុកអាណត្តិទី៤នាព្រឹកថ្ងៃទី៥ខែតុលា ឆ្នាំ២០២៦ក្រោមអធិបតីភាពលោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្កដោយមានការចូលរួមពីរមន្ត្រីរាជការជាច្រើនរូប។

លោកអភិបាលស្រុកបានគូសបញ្ជាក់ថា ថវិកាមូលនិធិឃុំ គឺជាឧបករណ៍អភិវឌ្ឍដ៏សំខាន់នៅថ្នាក់មូលដ្ឋាន ដូច្នេះរាល់ការជ្រើសរើសគម្រោងវិនិយោគ ឬហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវតែផ្អែកលើតម្រូវការបច្ចុប្បន្នភាពពិតប្រាកដរបស់ពលរដ្ឋ។ ចុះសិក្សា និងស្ដាប់មតិយោបល់របស់ប្រជាពលរដ្ឋឱ្យបានស៊ីជម្រៅ ដើម្បីឆ្លើយតបចំបញ្ហាអាទិភាពក្នុងសហគមន៍។ អនុវត្តដោយតម្លាភាពនិងគណនេយ្យភាព ដំណើរការដេញថ្លៃ ការគ្រប់គ្រងកិច្ចសន្យានិងការអនុវត្តគម្រោងផ្ទាល់ ត្រូវធ្វើឡើងដោយចំហ ត្រឹមត្រូវតាមនីតិវិធីច្បាប់និងមានការចូលរួមឃ្លាំមើលពីគ្រប់ភាគីពាក់ព័ន្ធ។ ត្រូវតាមដានបច្ចេកទេសសាងសង់ឱ្យបានម៉ត់ចត់ ដើម្បីឱ្យសមិទ្ធផលដែលបានមក មានគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែងនិងមិនបង្កឱ្យមានទំនាស់ ឬបណ្តឹងតវ៉ាពីប្រជាពលរដ្ឋឡើយ។

អង្គប្រជុំបានជំរុញឱ្យរដ្ឋបាលឃុំទាំងអស់បន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយមន្ត្រីជំនាញ និងក្រុមប្រឹក្សាស្រុក ដើម្បីធានាថាការអភិវឌ្ឍន៍នៅមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កប្រព្រឹត្តទៅដោយរលូន និងឆ្លើយតបទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព៕
ដោយ ស៊ុម វណ្ណា





