អ្នកជំនាញបរទេសចំនួន ៥០នាក់ ទទួលបានពានរង្វាន់មិត្តភាពឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ -- លោកសាស្រ្តាចារ្យ រ៉ាវី ស៊ីលវ៉ា នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្រិតខ្ពស់ នៃសាកលវិទ្យាល័យ Surrey ត្រូវបានជ្រើសរើសជាអ្នកជំនាញបរទេសមួយរូបក្នុងចំណោម ៥០រូប ដែលទទួលពានរង្វាន់មិត្តភាពពីរដ្ឋាភិបាលចិនប្រចាំឆ្នាំ២០២៦។ ក្នុងពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅឯមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង លោក ស៊ីលវ៉ា បានលើកឡើងពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវដែលកំពុងបន្តធ្វើឡើងជាមួយស្ថាប័ននានារបស់ប្រទេសចិន ដូចជាសាកលវិទ្យាល័យចេងចូវជាដើម ជាពិសេសទៅលើការអភិវឌ្ឍកោសិកាថាមពលពន្លឺព្រះអាទិត្យជំនាន់ថ្មី ថ្ម និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។
នៅក្នុងព្រឹត្តិការណ៍នោះ លោក ស៊ីលវ៉ា បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងការកាត់បន្ថយការបំភាយកាបូនជាសកល តាមរយៈភាពជាអ្នកដឹកនាំក្នុងការផលិតកោសិកាថាមពលពន្លឺព្រះអាទិត្យ និងការអភិវឌ្ឍយានយន្តអគ្គិសនី។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលកំពុងកើនឡើងរវាងប្រទេសចិន និងចក្រភពអង់គ្លេស បានផ្តល់នូវឱកាសដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលរួមគ្នា ហើយលោកបានព្យាករណ៍ថា នឹងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិយ៉ាងទូលំទូលាយចំពោះការរួមចំណែករបស់ប្រទេសចិនក្នុងវិស័យថាមពលប្រកបដោយនិរន្តរភាពនៅទសវត្សរ៍ខាងមុខ។
ពិធីនេះត្រូវបានដឹកនាំដោយទីប្រឹក្សារដ្ឋ លោកស្រី ស្សិន យីឈីង ដោយលោកស្រីបានកោតសរសើរដល់អ្នកជំនាញបរទេសចំពោះការជំរុញនវានុវត្តន៍ កំណើនសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ និងមិត្តភាពអន្តរជាតិ។ អ្នកទទួលពានរង្វាន់ម្នាក់ទៀត ដូចជាលោក សាយម៉ុន លីចធេនបឺក មកពីសភាពាណិជ្ជកម្មដាណឺម៉ាក ក៏បានបង្ហាញការគាំទ្រចំពោះទស្សនៈនេះផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជាសកល និងមិត្តភាពទៅវិញទៅមក គឺជាកត្តាចាំបាច់សម្រាប់ការដោះស្រាយបញ្ហានានានៃពិភពលោកសម័យទំនើប៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





