Vietjet ទទួលបានពានរង្វាន់ ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាប និងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី ពីស្ថាប័ន CAPA
AKP ភ្នំពេញ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ –ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាប និងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍ ដែលជាស្ថាប័នផ្តល់សេវាកម្មឈានមុខគេលើពិភពលោក ផ្នែកព័ត៌មានទីផ្សារ និងការវិភាគសម្រាប់ឧស្សាហកម្មអាកាសចរណ៍ និងការធ្វើដំណើរ។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូននៅក្នុងព្រឹត្តិការណ៍ CAPA Airline Leader Summit Asia ឆ្នាំ ២០២៦ នៅទីក្រុងឈីតូសេ ខេត្តហុកកៃដូ ប្រទេសជប៉ុន ដែលបានទទួលស្គាល់លើការអភិវឌ្ឍជាយុទ្ធសាស្ត្រ និងការច្នៃប្រឌិតលើគំរូអាជីវកម្មរបស់ Vietjet។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។
សម្រាប់អ្នកដំណើរនៅកម្ពុជា ការទទួលស្គាល់នេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់ Vietjet លើតម្លៃសំបុត្រយន្តហោះទាបសមរម្យ ប្រតិបត្តិការហោះហើរប្រកបដោយប្រសិទ្ធភាព និងសេវាកម្មដែលត្រូវបានកែលម្អជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែង សេវាកម្មហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុននៅលើផ្លូវហោះហើរ សៀមរាប-ហាណូយ បានផ្តល់នូវការតភ្ជាប់ដ៏ងាយស្រួលទៅកាន់ប្រទេសវៀតណាម និងផ្តល់លទ្ធភាពក្នុងការតភ្ជាប់ការធ្វើដំណើរតាមបណ្តាញហោះហើររបស់ក្រុមហ៊ុនដែលកំពុងពង្រីកខ្លួនទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ១៥ ឆ្នាំមកនេះ Vietjet កំពុងជំរុញការអភិវឌ្ឍគំរូអាជីវកម្មអាកាសចរណ៍បែប Hybrid របស់ខ្លួន ដែលផ្អែកលើប្រសិទ្ធភាពប្រតិបត្តិការ និងការគ្រប់គ្រងចំណាយយ៉ាងហ្មត់ចត់។ គំរូនេះ ផ្តល់ជូនអ្នកដំណើរនូវជម្រើសកាន់តែច្រើនទាក់ទងនឹងតម្លៃសំបុត្រ ភាពងាយស្រួល និងសេវាកម្មផ្សេងៗ ព្រមទាំងអនុញ្ញាតឱ្យក្រុមហ៊ុនពង្រឹងបណ្តាញហោះហើរអន្តរជាតិ និងលើកកម្ពស់បទពិសោធន៍របស់អ្នកដំណើរឱ្យកាន់តែប្រសើរឡើងថែមទៀត។
អ្នកស្រី Ho Ngoc Yen Phuong អនុប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានក្រុមហ៊ុន និងជានាយកផ្នែកហិរញ្ញវត្ថុ (CFO) របស់ក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា សម្រាប់ Vietjet គំរូអាជីវកម្មបែប Hybrid (ការរួមបញ្ចូលគ្នានៃសេវាកម្មតម្លៃសមរម្យ និងសេវាកម្មកម្រិតខ្ពស់) មានន័យថា ការផ្តល់ជូនអ្នកដំណើរនូវជម្រើសកាន់តែច្រើន និងបទពិសោធន៍កាន់តែប្រសើរ ដោយផ្អែកលើមូលដ្ឋាននៃតម្លៃសំបុត្រប្រកបដោយការប្រកួតប្រជែង ប្រសិទ្ធភាពប្រតិបត្តិការ និងសុវត្ថិភាព។ លោកស្រីបានគូសបញ្ជាក់ថា៖ «យើងកំពុងវិនិយោគលើកងយន្តហោះ បច្ចេកវិទ្យា និងសមត្ថភាពសេវាកម្មរបស់យើង ដើម្បីធានាថាគ្រប់ជំហាននៃការរីកចម្រើនរបស់យើង បង្កើតបានជាគុណតម្លៃរយៈពេលវែងសម្រាប់អតិថិជន ម្ចាស់ភាគហ៊ុន និងទីផ្សារនានាដែល Vietjet ដែលកំពុងតភ្ជាប់ជើងហោះហើរ»។
ពានរង្វាន់ពីស្ថាប័ន CAPA នេះ គឺជាការទទួលស្គាល់ជាអន្តរជាតិបន្ថែមទៀតសម្រាប់ Vietjet និងឆ្លុះបញ្ចាំងពីវឌ្ឍនភាពឥតឈប់ឈររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ក្នុងការជំរុញគំរូអាជីវកម្មបែប Hybrid របស់ខ្លួន។ តាមរយៈការវិនិយោគលើកងយន្តហោះធុនធំ Airbus A330 និងការពង្រីកជម្រើសតម្លៃសំបុត្រសមរម្យ ផលិតផលដ៏សំបូរបែប និងសេវាកម្មដ៏ប្រសើរផ្សេងៗ Vietjet កំពុងឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរដ៏សម្បូរបែប ព្រមទាំងលើកកម្ពស់បទពិសោធន៍ធ្វើដំណើរនានារបស់អ្នកដំណើរផងដែរ។
សូមជម្រាបជូនថា ពានរង្វាន់ឧត្តមភាពផ្នែកអាកាសចរណ៍របស់ CAPA ទទួលស្គាល់ក្រុមហ៊ុនអាកាសចរណ៍ និងថ្នាក់ដឹកនាំចំពោះសមិទ្ធផលដ៏ឆ្នើមក្នុងវិស័យយុទ្ធសាស្ត្រ ការច្នៃប្រឌិត និងការរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍។ ពិធីប្រគល់ពានរង្វាន់ប្រចាំតំបន់អាស៊ីឆ្នាំ ២០២៦ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឈីតូសេ ខេត្តហុកកៃដូ ប្រទេសជប៉ុន៕




ដោយ៖ រិទ្ធី





