ចិនបង្ហាញជំហរជុំវិញការជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិបន្ទាប់
AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ -- លោក គូ ជៀគុន អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងកាលពីពេលថ្មីៗនេះថា ប្រទេសចិនគាំទ្រចំពោះការជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិថ្មីម្នាក់ ដែលគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងបង្ហាញពីសមត្ថភាពដ៏ឆ្នើម ប្រព្រឹត្តដោយភាពយុត្តិធម៌ និងសុចរិតភាព ព្រមទាំងបំពេញបាននូវការទទួលខុសត្រូវនៃតួនាទីដ៏សំខាន់នេះ។
លោក គូ បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំមួយនៅទីក្រុងប៉េកាំង នៅពេលដែលត្រូវបានសួរអំពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា ប្រទេសចិនកំពុងពិចារណាថា តើត្រូវគាំទ្រលោកស្រី រ៉េបេកា ហ្រ្គីនស្ពែន ដែលបច្ចុប្បន្នជាប្រធានផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNCTAD) និងជាអតីតអនុប្រធានាធិបតីនៃប្រទេសកូស្តារីកា ឬគាំទ្រលោកស្រី ការ៉ូលីន រ៉ូឌ្រីហ្គេស-បឺគេតត៍ ដែលជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសហ្គីយ៉ាណាប្រចាំអង្គការសហប្រជាជាតិសម្រាប់តំណែងនេះ។
លោក គូ បាននិយាយថា ការជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិ មានឥទ្ធិពលទៅលើការកែទម្រង់ និងការអភិវឌ្ឍរបស់អង្គការនេះ ក៏ដូចជាផលប្រយោជន៍សំខាន់ៗរបស់បណ្តាប្រទេសជាសមាជិកផងដែរ។
លោកបានបញ្ជាក់ថា ប្រទេសចិនគាំទ្រចំពោះការជ្រើសរើសអគ្គលេខាធិការថ្មីស្របតាមបទប្បញ្ញត្តិនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោក គូ បានបន្ថែមថា «ប្រទេសចិននឹងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមក្នុងដំណើរការជ្រើសរើសនេះប្រកបដោយការទទួលខុសត្រូវ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





