រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមសម្លាំងជាង ៥០០ នាក់ ដើម្បីការពារសន្ដិសុខ សុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
AKP ភ្នំពេញ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦--ដើម្បីចូលរួមធានាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ និងដាក់ចេញនូវវិធានការសំខាន់ៗដោយរៀបចំកម្លាំងការពារជាង៥០០ នាក់ ក្នុងនោះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងសមត្ថកិច្ច ពិសេសប្រជាការពារចម្រុះនៅមូលដ្ឋាន ដើម្បីល្បាត និងការពារនៅតាមទីវត្តអារាម ទាំង១៥០ វត្ត ក្នុងរាជធានីភ្នំពេញ និងមជ្ឈមណ្ឌលកម្សាន្ត តំបន់ប្រជុំជននានា។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកស្រី ដោ សម្ឆស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។

លោកស្រី ដោ សម្ឆស្ស បានថ្លែងថា ការរៀបចំកម្លាំងនេះ គឺសម្រាប់ជួយសម្រួលចរាចរណ៍ ដោយកម្លាំងនគរបាលចរាចរណ៍ ត្រូវបានដាក់ពង្រាយនៅតាមច្រកចេញ-ចូល រាជធានីភ្នំពេញ និងដងផ្លូវសំខាន់ៗ ដើម្បីកាត់បន្ថយការកកស្ទះ និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលចេញទៅស្រុកកំណើត។ លោកស្រីអ្នកនាំពាក្យរូបនេះបានបន្ដថា ចំពោះសេវាដឹកជញ្ជូនសាធារណៈ (រថយន្តក្រុងសាធារណៈ) រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំរថយន្តក្រុងសាធារណៈចំនួន ៦០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតនៅតាមបណ្តាខេត្តនានា ដោយមិនគិតថ្លៃ ក្នុងគោលបំណងជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរ។

ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ឱ្យដឹងថា៖ «សម្រាប់ការងារបង្ការ និងបង្រ្កាបបទល្មើស យើងបានបង្កើនការត្រួតពិនិត្យ និងបង្ការបទល្មើសផ្សេងៗ ដូចជា ចោរកម្ម ឆក់ ប្លន់ និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ចំពោះការងារត្រៀមលក្ខណៈបង្ការអគ្គិភ័យ យើងបានត្រៀមកម្លាំងសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យ យើងបានត្រៀមលក្ខណៈជាស្រេច២៤ម៉ោង/៧ថ្ងៃ ដើម្បីអន្តរាគមន៍ភ្លាមៗ ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង ជាពិសេសនៅតាមទីវត្តអារាមដែលមានការអុជធូប និងដុតទៀនច្រើន»។

លោកស្រី ដោ សម្ជស្ស បានបន្ថែមថា ក្នុងនាមតំណាងឱ្យអាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដោយត្រូវប្រុងប្រយ័ត្នខ្ពស់លើបញ្ហាអគ្គិភ័យ និងពិនិត្យមើលផ្ទះសម្បែង បិទភ្លើង បិទហ្គាស ឱ្យបានត្រឹមត្រូវ មុននឹងចាកចេញទៅស្រុកកំណើត ដើម្បីធានាសុវត្ថិភាព និងបង្ការទប់ស្កាត់បញ្ហាអគ្គិភ័យកើតឡើងដោយយថាហេតុ៕

ដោយ៖ សួស សំរិត





