ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃគុយចុះចែអំណោយរបស់ឯកឧត្តមសួស យ៉ារ៉ាដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត២០០គ្រួសារនៅឃុំព្រៃគុយ
AKP កំពង់ធំ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦--លោកជំទាវ លឹម ស្រីណិតប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃគុយ ស្រុកកំពង់ស្វាយបាននាំយកអង្ករ និងសម្ភារៈរបស់ឯកឧត្តមក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន និងសប្បុរសជននៃក្រុមការងារគណបក្សឃុំព្រៃគុយចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត២០០គ្រួសារនៅឃុំព្រៃគុយស្រុកកំពង់ស្វាយខេត្តកំពង់ធំកាលពីថ្ងៃទី៤ ខែតុលាឆ្នាំ២០២៦។

លោកជំទាវមានប្រសាសន៍ថា ដោយមើលឃើញពីការខ្វះខាតរបស់បងប្អូននៅឃុំព្រៃគុយនាងខ្ញុំ និងក្រុមការងារទាំងអស់បានសហការគ្នារៀបចំថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនសំរាប់ផ្តល់ជូនបងប្អូនឱ្យបានទាន់ពេលវេលា។

លោកជំទាវបានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតទោះបីជាលោកមមាញឹកក្នុងកិច្ចការប្រទេសជាតិយ៉ាងណាក៏ដោយក៏សម្តេចមិនដែលភ្លេចពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយតែងតែជំរុញឱ្យក្រុមការងារទាំងអស់ត្រូវតែសិក្សាស្វែងយល់ពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ព្រមទាំងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។

រាជរដ្ឋាភិបាលក្នុងអំឡុងពេលនេះបានគិតគូរដល់ប្រជាពលរដ្ឋដោយឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រងាយរងគ្រោះនិងងាយរងហានិភ័យដែលរងផលវិបាកពីសម្ពាធថ្លៃប្រេងនិងឧស្ម័នឥន្ធនៈ។ជាក់ស្តែងថ្ងៃនេះក្រុមការងារ បានរៀបចំចុះមកដល់មូលដ្ឋានដោយមិនឱ្យងប្អូនណាម្នាក់មានបញ្ហាដោយសារកង្វះស្បៀងអាហារនោះឡើយ ទាំងនេះសបញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំយើងពិសេសបងប្អូនដែលមានជីវភាពខ្វះខាតដោយឈរលើគោលនយោបាយច្បាស់លាស់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទទួលបានអំណោយមានចំនួន២០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវអង្ករ មី ទឹកត្រីទឹក ស៊ីអ៊ីវ សារុង និងថវិកាមួយចំនួន៕
ដោយ ស៊ុម វណ្ណា





