អភិបាលខេត្តបន្ទាយមានជ័យដឹកនាំកាន់វេនបិណ្ឌទី៩ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធកងទ័ពកម្ពុជាដែលបានពលីក្នុងបេសកកម្មការពារជាតិ
AKP បន្ទាយមានជ័យ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦--នៅក្នុងបរិយាកាសប្រពៃណីបុណ្យកាន់បិណ្ឌ ដែលជាពេលវេលាដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទខ្មែរធ្វើបុណ្យ ឧទ្ទិសកុសល និងរំឭកគុណដល់បុព្វការីជន នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី ព្រមទាំងក្រុមគ្រួសារ បានដឹកនាំមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ ចូលរួមកាន់វេនបិណ្ឌទី៩ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម ហៅវត្តផាស៊ីស្រា ស្ថិតក្នុងភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ពិធីនេះកាន់តែមានអត្ថន័យជ្រាលជ្រៅ នៅពេលឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ ព្រមទាំងអ្នកចូលរួម បានធ្វើពិធីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបេសកកម្មការពារបូរណភាពទឹកដី និងព្រំដែនជាតិ កាលពីឆ្នាំ២០២៥ កន្លងទៅ។

ការធ្វើបុណ្យឧទ្ទិសកុសលនៅក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ មិនត្រឹមតែជាការប្រតិបត្តិតាមប្រពៃណីព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសរំឭកដល់ការលះបង់របស់អ្នកដែលបានបំពេញភារកិច្ចការពារជាតិ និងប្រជាជន។ តាមរយៈពិធីបុណ្យនេះ អ្នកចូលរួមបានបង្ហាញនូវការចងចាំ និងការដឹងគុណចំពោះកងទ័ពដែលបានបំពេញតួនាទីនៅតំបន់ព្រំដែន។
ក្នុងពិធីនោះ មានការនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ប្រគេនទេយ្យវត្ថុ និងបច្ច័យផ្សេងៗ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងដួងវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋាន ពិសេសកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងទឹកដី។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ក្នុងឱកាសនោះថា ការរួមគ្នាធ្វើបុណ្យឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធកងទ័ពដែលបានពលី គឺជាការរំឭកគុណ និងបង្ហាញការដឹងគុណចំពោះការលះបង់របស់វីរជនដែលបានបំពេញភារកិច្ចការពារប្រទេសជាតិ និងសន្តិសុខជូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងពីសារៈសំខាន់នៃការថែរក្សាប្រពៃណីវប្បធម៌ និងព្រះពុទ្ធសាសនា ព្រមទាំងការរួបរួមគ្នារបស់ប្រជាពលរដ្ឋក្នុងការធ្វើបុណ្យធ្វើទាន និងជួយគ្នាក្នុងសង្គម។ ការអនុវត្តប្រពៃណីទាំងនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការថែរក្សាអត្តសញ្ញាណជាតិ និងការបន្តបេតិកភណ្ឌវប្បធម៌ពីជំនាន់មួយទៅជំនាន់មួយ។
ទន្ទឹមនឹងការធ្វើពិធីសាសនា គណៈអធិបតីក៏បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួម ដោយបានចែកជូនសារុងជាវត្ថុអនុស្សាវរីយ៍។ សកម្មភាពនេះបានបង្កើតបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ រវាងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ក្នុងពិធីកាន់វេនបិណ្ឌទី៩នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឈើ យ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងប្រជាពុទ្ធបរិស័ទជាច្រើនកុះករ។
ពិធីបុណ្យនេះបានបង្ហាញឱ្យឃើញថា ប្រពៃណីកាន់បិណ្ឌរបស់ខ្មែរ មិនត្រឹមតែជាពិធីសាសនាសម្រាប់ឧទ្ទិសកុសលដល់បុព្វការីជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាមួយសម្រាប់រំឭកដល់អ្នកដែលបានលះបង់ដើម្បីសង្គម និងជាតិ ព្រមទាំងជំរុញស្មារតីសាមគ្គីភាព ការដឹងគុណ និងការចងចាំគុណបំណាច់របស់អ្នកដែលបានបំពេញភារកិច្ចចំពោះជាតិមាតុភូមិ៕
ដោយ ឈុន សារ៉ាត





