លោកឧត្តមសេនីយ៍ត្រី នូវ សំអុល នាំយកប្រាក់បេឡាមរណសង្រ្គោះ និង លិខិតរំលែកទុក្ខ ជូនគ្រួសារសពអតីតយុទ្ធជន នៅក្រុងព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៦--លោកឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តព្រះសីហនុ នាំយកប្រាក់បេឡាមរណសង្រ្គោះ និងលិខិតរំលែកទុក្ខ ជូនគ្រួសារសពអតីតយុទ្ធជន នៅក្រុងព្រះសីហនុ ។

លោក ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត ជាប្រធានសមាគម អតីតយុទ្ធជន និងនិវត្តជន កម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ លេខាធិការដ្ឋានរួមជាមួយអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង នាំយកប្រាក់បេឡាមរណ សង្គ្រោះ ចំនួន ៤,០០០,០០០រៀល ព្រម ទាំងលិខិតចូលរួមរំលែកទុក្ខមួយច្បាប់ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ប៉ែន ប៊ុណ្ណា ភេទប្រុស អាយុ ៦៥ឆ្នាំ (យោធិនចូលនិវត្តន៍) ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

នាឱកាសដ៏ក្រៀមក្រំ នោះដែរ ក្រុមការងារក៏ បាននាំយកគ្រឿងឧប ភោគបរិភោគ រួមមាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារសព ដើម្បីជួយសម្រាលទុក្ខលំបាកផងដែរ ព្រោះសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសសម្តេច អគ្គមហាសេនាធិបតីតេ ជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា បានតែងតែ យកចិត្តទុកដាល់ចំពោះនិវត្តជនគ្រប់រូប មិនថា មានជំងឺ ឬមានជីវភាពខ្វះខាត សម្តេចតែងតែផ្តល់ផ្ទះ និងដីសម្បទាសង្គមកិច្ច សម្រាប់អតីតយុទ្ធជនរបស់ យើងដែលមានជីវភាពខ្វះខាត ដើម្បីឪ្យពួកគាត់មានជំរកស្នាក់នៅសមរម្យ និងមានជីវភាពរស់នៅកាន់តែ ល្អប្រសើរ ៕

ដោយ៖ ងូ សុមុនី





