ឯកឧត្តម ថោ ជេដ្ឋា ជំរុញសមាសភាពគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៦ ត្រូវប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម facebook បែបបុរេសកម្ម និងប្រតិកម្ម
AKP កំពង់ធំ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម ថោ ជេដ្ឋា ជំរុញសមាសភាពគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៦ ត្រូវប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបែបបុរេសកម្មនិងប្រតិកម្ម។ ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងបានជំរុញដូចនេះក្នុងឱកាសអញ្ជើញដឹកនាំប្រជុំប្រកាសសមាសភាពគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៦។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលបណ្តាញទំនាក់ទំនងសង្គមមានឥទ្ធិពលខ្លាំងណាស់នៅគ្រប់សមរភូមិបោះឆ្នោត ហេតុដូច្នេះយើងត្រូវនាំគ្នាប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកឱ្យបានទូលំទូលាយត្រឹមត្រូវបែបបុរេសកម្មជាពិសេសផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់គណបក្សក៏ដូចជាក្រុមការងារចុះមូលដ្ឋានបានខិតខំកសាងជូនពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យបានជ្រួតជ្រាបនិងទូលំទូលាយបំផុត។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានបានជំរុញបន្ថែមទៀតដល់ក្រុមការងារជាពិសេសយុវជនត្រូវនាំគ្នា post Like Share comments លើបណ្ដាញទំនាក់ទំនង facebook pages ផ្លូវការរបស់គណបក្សស្រុក ក្រុមការងារចុះមូលដ្ឋាន និងផេកផ្លូវការរបស់គណបក្សគ្រប់លំដាប់ថ្នាក់ឱ្យបានទូលំទូលាយបំផុត ផេកផ្លូវការរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងផេកផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះត្រូវប្រើប្រាស់ facebook page បែបប្រតិសកម្ម វាយបកឬប្រតិកម្មរហ័សនិងReport ទៅលើផេករបស់ក្រុមប្រឆាំង ឬក្រុមអគតិដែលតែងតែបង្កអរិភាពមកលើគណបក្សនិងរាជរដ្ឋាភិបាលបានឆាប់រហ័សបំផុត។

ឯកឧត្តម ថោ ជេដ្ឋា បានជំរុញបន្ថែមដល់ក្រុមការងារត្រូវស្គាល់ឱ្យច្បាស់ពីអ្វីដែលជាព័ត៌មានពិត និងព័ត៌មានក្លែងក្លាយពិសេសរូបភាព វីដេអូ និងសំឡេងAI ដែលកំពុងវាយលុកខ្លាំងនៅក្នុងសង្គមបច្ចេកវិទ្យាឌីជីថល ហើយក្រុមការងារត្រូវតែមានភាពប្រាកដប្រជាលើបច្ចេកវិទ្យាព័ត៌មានវិទ្យា និងAI ឱ្យបានច្បាស់លាស់៕
ដោយ ស៊ុម វណ្ណា





