លោក ឌីមីទ្រីវ៖ រុស្ស៊ី និងសហរដ្ឋអាមេរិកបន្តកិច្ចសន្ទនាក្នុងវិស័យជាច្រើន រួមទាំងវិស័យថាមពល
AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ -- លោក គីរីល ឌីមីទ្រីវ ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបរទេស បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ី និងសហរដ្ឋអាមេរិកនៅតែបន្តកិច្ចសន្ទនាក្នុងវិស័យជាច្រើន រួមទាំងបញ្ហាថាមពលផងដែរ។
លោក ឌីមីទ្រីវ បានប្រាប់អ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំកំពូលBRICS+ Fashion Summit ថា «យើងកំពុងបោះជំហានទៅមុខ ហើយកិច្ចសន្ទនានៅតែបន្តក្នុងវិស័យជាច្រើន រួមទាំងវិស័យថាមពល»។ ការថ្លែងនេះធ្វើឡើងដើម្បីឆ្លើយតបនឹងសំណួរអំពីកិច្ចចរចារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយថារុស្ស៊ី និងសហរដ្ឋអាមេរិកនៅតែបន្តទំនាក់ទំនងជាមួយគ្នា បើទោះបីជាកាលបរិច្ឆេទជាក់លាក់សម្រាប់កិច្ចចរចាលើបញ្ហាដែលបង្កភាពតានតឹងរវាងប្រទេសទាំងពីរ នៅមិនទាន់ត្រូវបានកំណត់ក៏ដោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





