ព្រះវិចិត្រវង្សា ហែម គឹមសាន៖ បុណ្យភ្ជុំបិណ្ឌមិនត្រឹមជាការធ្វើបុណ្យទានទេ តែជាស្ពានភ្ជាប់សាមគ្គីភាពគ្រួសារ និងសង្គមជាតិ
AKP សៀមរាប ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦-- ព្រះវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានថេរដីកាថា ពិធីបុណ្យកាន់វេនបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏មានតម្លៃរបស់ប្រជាជនខ្មែរ ដែលមិនត្រឹមតែជាឱកាសសម្រាប់ការធ្វើបុណ្យទាន និងឧទ្ទិសកុសលជូនបុព្វការីជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងចំណងសាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារសហគមន៍ និងសង្គមជាតិផងដែរ។ 
ថេរដីកានេះត្រូវបានលើកឡើងក្នុងពិធីកាន់វេនបិណ្ឌទី៥របស់រដ្ឋបាលខេត្តសៀមរាប ដែលបានប្រារព្ធធ្វើឡើងនៅវត្តប្រាសាទគោកចក ស្ថិតក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដោយមានថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ 
ព្រះវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថា ក្នុងរដូវបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ កូនចៅ និងសាច់ញាតិដែលរស់នៅទីជិតទីឆ្ងាយ តែងតែវិលត្រឡប់មកជួបជុំក្រុមគ្រួសារ និងរួមគ្នាធ្វើបុណ្យតាមគន្លងប្រពៃណីដូនតា ដែលជាកត្តាជួយពង្រឹងទំនាក់ទំនង និងស្មារតីសាមគ្គីភាពក្នុងសង្គមខ្មែរ។ ព្រះអង្គបានមានថេរដីកាបន្តថា បុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរបានប្រតិបត្តិបន្តតាំងពីបុរាណកាលមក ហើយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយព្រះពុទ្ធសាសនា ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។ ការធ្វើបុណ្យក្នុងឱកាសនេះ គឺជាពេលវេលាដែលពុទ្ធបរិស័ទបានបំពេញទាន សីល និងភាវនា ព្រមទាំងសម្ដែងនូវកតញ្ញូកតវេទិតាធម៌ចំពោះមាតាបិតា ជីដូនជីតា និងបុព្វការីជន។ 
ព្រះគ្រូចៅអធិការបានគូសបញ្ជាក់ថា ការកាន់វេនបិណ្ឌមិនមានន័យត្រឹមតែការយកចង្ហាន់ និងទេយ្យទានមកប្រគេនព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទធ្វើចិត្តឱ្យជ្រះថ្លា រក្សាសីល ប្រព្រឹត្តអំពើល្អ ចេះចែករំលែក និងជួយគ្នាទៅវិញទៅមក។ ព្រះអង្គមានថេរដីកាថា ការធ្វើអំពើល្អដោយកាយ វាចា និងចិត្ត គឺជាមូលដ្ឋាននៃការកសាងសេចក្តីសុខទាំងក្នុងគ្រួសារ និងសង្គម៕

ដោយ ឃុត សៅ





