ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ធំប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត១ម៉ឺនបណ្ណជូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍
AKP កំពង់ធំ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត១ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅសាលាស្រុកបារាយណ៍។ 
ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជំរុញការចុះវាស់វែងដីធ្លីឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីសម្រេចបាននូវគោលនយោបាយរបស់ក្រសួងរៀបចំដែនដី និងមន្ទីររៀបចំដែននគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តកំពង់ធំ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបំពេញការងារប្រកបដោយឆន្ទៈខ្ពស់ និងទទួលបានលទ្ធផលល្អ ហើយក៏សូមលើកទឹកចិត្តឱ្យបន្តខិតខំបំពេញកិច្ចការឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើសេវា និងឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សៅ សុភាព បញ្ជាក់ថា បញ្ហាដីធ្លីនេះជាបញ្ហាមួយដែលលំបាកស្មុគស្មាញដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានជម្លោះដីធ្លីរ៉ាំរ៉ៃដែលយន្តការនេះនៅតែបន្តដោះស្រាយនៅក្រៅប្រព័ន្ធតុលាការដោយអនុវត្តតាម យុទ្ធសាស្ត្រឈ្នះឈ្នះ ហើយយន្តការនេះនៅតែបន្តដោះស្រាយជាបន្តបន្ទាប់ដើម្បីប្រែក្លាយទៅជាតំបន់មួយជាតំបន់ដែលមានសន្តិភាពដីធ្លី។ បណ្ណកម្មសិទ្ធិនេះផ្តល់ជូនដល់ប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីជាក់ស្តែង មិនមានការភ័យខ្លាចពិសេសអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកទទួលយកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះឱ្យបានគ្រប់ៗគ្នា។ 
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋទាំង៨ភូមិក្នុងឃុំទាំង៣ ក្នុងស្រុកបារាយណ៍ដែលនឹងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សានិងការពារធនធានធម្មជាតិ ជាពិសេសសូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់ទន្ទ្រាន ឈូសឆាយ រុករាន និងកាន់កាប់ដីព្រៃដោយខុសច្បាប់ ក៏ដូចជាដីក្នុងតំបន់បី ដែលជាតំបន់មានការកំណត់ និងការពារដោយច្បាប់។ 
លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តកំពង់ធំបានឱ្យដឹងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ៩.៥៩៥ បណ្ណ ស្នើនឹង២,១៩៧ គ្រួសារ មានភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ភូមិជាំត្រាច ភូមិផ្លូវទ្រាស ភូមិតាប្រុក ឃុំឈូកខ្សាច់ និងភូមិ ត្នោតជុំទី១ ភូមិត្នោតជុំទី២ ភូមិត្នោតជុំទី៣ ភូមិត្នោតជុំទី៤ ឃុំត្នោតជុំ ស្រុកបារាយណ៍៕
ដោយ ស៊ុម វណ្ណា





