អង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា ពង្រឹងភាពជាដៃគូដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ —
ក្នុងជំនួបពិភាក្សាបឋមមួយរវាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានឯកភាពគ្នាលើចំណុចសំខាន់ៗជាកង្វល់របស់វិស័យឯកជន ដើម្បីរួមគ្នាចងក្រងជាអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងភាពជាដៃគូប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលគ្រោងនឹងចុះហត្ថលេខានាពេលដ៏ឆាប់ខាងមុខនេះ។

ក្នុងជំនួបដែលធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ទាំងអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា សុទ្ធតែបង្ហាញអំពីការពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងលើកកម្ពស់សុចរិតភាព តម្លាភាព និងការគោរពច្បាប់ក្នុងការប្រកបធុរកិច្ចនៅកម្ពុជា។
ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា «យើងចង់ឱ្យកិច្ចសហប្រតិបត្តិការនេះ មិនមែនបញ្ចប់ត្រឹមការចុះហត្ថលេខាលើ MOU នោះទេ ប៉ុន្តែត្រូវក្លាយជាយន្តការសហការជាក់ស្តែង ដែលជួយវិស័យឯកជនបង្ការ និងកាត់បន្ថយហានិភ័យនៃអំពើពុករលួយ ព្រមទាំងរួមគ្នាពង្រឹងពង្រីកការកសាងវប្បធម៌សុចរិតភាព»។

គួរបញ្ជាក់ថា ខ្លឹមសារនៃអនុស្សារណៈនៃការយោគយល់គ្នា (MOU) ផ្តោតលើចំណុចសំខាន់ៗ៖ ១) វិស័យឯកជនប្តេជ្ញាបដិសេធអំពើសូកប៉ាន់ និងអំពើពុករលួយ ២) ACU ប្តេជ្ញាគាំទ្រការការពារសុចរិតភាព និង ៣) ការបង្កើតច្រកទំនាក់ទំនងរហ័ស សម្ងាត់ និងមានប្រសិទ្ធភាព។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា CCC ជាស្ថាប័នមិនរកប្រាក់ចំណេញ និងជាតំណាងច្រកចេញចូលតែមួយសម្រាប់វិស័យឯកជននៅកម្ពុជា ដោយបានបង្ហាញការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ACU ដោយចាត់ទុកថា ការចូលរួមរបស់វិស័យឯកជន គឺជាផ្នែកដ៏សំខាន់ក្នុងការកសាងបរិយាកាសធុរកិច្ចប្រកបដោយសុចរិតភាព និងការប្រកួតប្រជែងដោយស្មើភាព។ កិច្ចសហប្រតិបត្តិការនេះ ស្របតាមទិសដៅដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការពង្រឹងអភិបាលកិច្ចល្អ សុចរិតភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងការបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគដែលមានភាពអំណោយផល។

គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់ទុកវិស័យឯកជនជាដៃគូយ៉ាងសំខាន់ក្នុងដង្ហើមសេដ្ឋកិច្ចជាតិ ដែលត្រូវចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ACU បន្តលើកទឹកចិត្តដល់សហគ្រាស ក្រុមហ៊ុន និងសមាគមធុរកិច្ច សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលរួមកសាងវប្បធម៌សុចរិតភាព ដើម្បីពង្រឹងទំនុកចិត្តក្នុងការវិនិយោគ ការប្រកួតប្រជែងដោយស្មើភាព និងរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព៕
ដោយ៖ មករា





