JICA កំពុងអនុវត្តគម្រោង ៤បន្ថែមទៀតសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃ២០ ខែសីហា ឆ្នាំ២០២៦ -- ដើម្បីរួមចំណែកធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) កំពុងអនុវត្តគម្រោង៤ បន្ថែមទៀត ក្នុងការជួយដល់រាជធានីភ្នំពេញឱ្យមានការរីកចម្រើនជឿនលឿនទាន់សម័យកាល។
លោក សានុយ កាហ៊្សុម៉ាសា (Mr. SANUI Kazumasa) ប្រធានតំណាង JICA បានបញ្ជាក់បែបនេះក្នុងឱកាសដែកលោកចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលារាជធានីភ្នំពេញ។

លោក សានុយ កាហ៊្សុម៉ាសា បានមានប្រសាសន៍ថា JICA ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ បានសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍ។ ជាក់ស្តែងនៅពេលនេះ JICA បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគម្រោងជំនួយចំនួន៤ បន្ថែមទៀតដល់រាជធានីភ្នំពេញ។ គម្រោងទាំង៤ នេះ រួមមាន ទី១. គម្រោងអភិវឌ្ឍន៍យន្តការគ្រប់គ្រងដឹកជញ្ជូនចម្រុះក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះទើបតែបានបញ្ចប់សេចក្តីព្រាងផែនការមេ ហើយគ្រោងនឹងដាក់ចូលក្នុងកិច្ចប្រជុំគណៈកម្មាធិ ការសម្របសម្រួលគម្រោង ដើម្បីពិនិត្យ និងពិភាក្សាលម្អិតចុងក្រោយនៅអំឡុងខែកញ្ញាខាងមុខនេះ។ ទី២. គម្រោងរៀបចំផែនការមេសម្រាប់ការគ្រប់គ្រងសំណល់រឹងទីក្រុង ដែលជាគម្រោងសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងបរិស្ថាន និងបានចាប់ផ្ដើមអនុវត្តតាំងពីខែកុម្ភៈ ឆ្នាំ២០២៦ មក។ ទី៣. គម្រោងអភិវឌ្ឍន៍សមត្ថភាពជូនរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ទៅលើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ (ជំហានទី២) និងទី៤. គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ដែលគម្រោងនេះ គ្រោងនឹងបញ្ចុះបឋមសិលានៅដើមឆ្នាំ២០២៨ខាងមុខនេះ។


JICA ក៏បានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញដើម្បីចូលរួមប្រជុំរៀងរាល់១ត្រីមាសម្តង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយក្នុងការអនុវត្តគម្រោង ធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ និងផ្លែផ្កាតាមការគ្រោងទុក។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ ដែលការអភិវឌ្ឍរីកចម្រើនទាំងនេះ គឺមិនអាចផ្តាច់បានពីការចូលរួមគាំទ្រពីដៃគូរអភិវឌ្ឍន៍នានា រួមទាំង JICA នោះទេ។ JICA បានជួយលើកិច្ចការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាបណ្តាញប្រឡាយលូ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រង់ធនធានទឹក ការផ្គត់ផ្គង់ទឹកស្អាត អគ្គីសនី ថាមពល អប់រំ ច្បាប់ កសិកម្ម និងលំហូរចរាចរណ៍ ព្រមទាំងការកសាងធនធានមនុស្សជូនរាជធានីភ្នំពេញ តាមរយៈវគ្គបណ្តុះ បណ្តាលជាច្រើន ទាំងរយៈពេលខ្លី និងរយៈពេលវែង ដែលបានធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ ទីលានចាក់សំរាមនៅខណ្ឌដង្កោបានពេញហើយ មិនអាចបន្តចាក់បន្ថែមទៀតបានទេ។ បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបង្វែរទៅចាក់នៅទីលានថ្មីនៅតំបន់ទួលព្រិច ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ ទីលានចាក់សំរាមថ្មីនេះ មានទំហំ១៤០ហិកតា ដោយគ្រោងនឹងបើកឱ្យប្រើប្រាស់នៅដើមនៅឆ្នាំក្រោយ។

ឯកឧត្ដម ឃួង ស្រេង ក៏បានស្នើសុំឱ្យ JICA ពិចារណាបញ្ចូលការងារជួសជុលថែទាំទំនប់ការពារទឹកជំនន់នៅស្ទឹងព្រែកត្នោត (ទំនប់ ៧មករា) ចូលទៅក្នុងគម្រោងការពារទឹកជំនន់ និងប្រព័ន្ធប្រឡាយបង្ហូរទឹកភាគខាងលិចឈាងខាងត្បូងរាជធានីភ្នំពេញផងដែរ។ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ សូមអញ្ជើញលោកនាយក JICA និងក្រុមការងារ ដើម្បីចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជាក់ស្តែងជាមួយគ្នានៅទីតាំងទំនប់ការពារទឹកជំនន់ព្រែកត្នោត (ទំនប់ ៧មករា) និងទីលានចាក់សំរាមថ្មីទួលព្រិចនៅពេលសមស្របណាមួយនាពេលខាងមុខ។
ឯកឧត្តម ឃួង ស្រេង ក៏បានស្នើសុំទៅ JICA ឱ្យជួយផ្ដល់នូវរូបភាពផ្កាយរណប និងផែនទីឌីជីថលរបស់រាជធានីភ្នំពេញដែលបានថតរួច ដើម្បីរដ្ឋបាលរាជធានីភ្នំពេញមានមូលដ្ឋានយកមកប្រើប្រាស់ក្នុងការសិក្សាប្លង់មេប្រើប្រាសដីធ្លី ឆ្នាំ២០៣៥-២០៥០ ឱ្យបានសមស្របតាមទិដ្ឋភាពជាក់ស្តែង។ ជាការឆ្លើយតប លោក សានុយ កាហ៊្សុម៉ាសា បានឯកភាពទទួលយកនូវសំណូមពរទាំងអស់នេះ និងសន្យាពិភាក្សាជាមួយស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបន្តទៀត៕

ដោយ៖ សួស សំរិត





